ភ្នំពេញ ៖ នៅគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ទីតាំងអគ្គស្នងការដ្ឋាននគរបាលជាតិ)ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នេះ នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា នៃលេខាធិការដ្ឋាន គ.ជ.ប.ភ បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង អៀង សមាជិកលេខាធិការដ្ឋាន គ.ជ.ប.ភ និងលោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា និងមានការចូលរួមពីមន្ត្រីជំនាញទទួលខុសត្រូវការិយាល័យចំណុះទាំង៤ ព្រមទាំងមន្ត្រីដែលជាសមាជិក-សមាជិកា ជាច្រើនរូបទៀត ។
បន្ទាប់ពីបាបរាយការណ៍ជូនអង្គប្រជុំពាក់ព័ន្ធ ទៅនឹងសមិទ្ធិផលការងារដែលសំរេចបាន និងការងារដែលកំពុងតែអនុវត្តបន្ត ដែលថ្លែងដោយលោក ប្រធាននាយកដ្ឋាន និងរបាយការណ៍ពីតាមការិយាល័យជំនាញនីមួយៗរួចមក ឯកឧត្តម អ៊ឹង អៀង សមាជិកលេខាធិការដ្ឋាន គ.ជ.ប.ភ បានកោតសរសើរដល់មន្ត្រីនៅក្នុងនាយកដ្ឋានទាំងអស់ដែលបានខិតខំអនុវត្តការងារនាពេលកន្លងមកបានល្អប្រសើរទោះបីជាការងារមួយចំនួនជួបភាពអសកម្មខ្លះៗក៍ដោយ។ ឯកឧត្តមក៍បានផ្តល់ជាអនុសាសន៏ណែនាំមួយចំនួនដល់មន្ត្រីជំនាញដែលចូលរួម និងបានផ្តល់ដំណោះស្រាយអំពីការងារមួយចំនួនដែលកំពុងជួបភាពអសកម្ម ព្រមទាំងស្នើរសុំឲ្យថ្នាក់ដឹកនាំការិយាល័យទាំងអស់បន្តការខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀតសំដៅធ្វើយ៉ាងណាសម្រេចឲ្យបាននូរាល់ផែនការ ដែលថ្នាក់ដឹកនាំបានកំណត់ ។ ឯកឧត្តម បានផ្តាំផ្ញើរដល់មន្រ្តីដែលចូលរួមទាំងអស់ថា ដើម្បីឲ្យការងារសំរេចបានជោគជ័យ យើងត្រូវអនុវត្តនូវចំណុចសំខាន់ចំនួន ៣ រួមមាន៖
១. មានភាពស្មោះត្រង់ជាមួយការងារ
២. បង្កើនសមត្ថភាពខ្លួនឯងជាបន្តបន្ទាប់
៣. គោរពការចាត់តាំងរបស់លេខាធិការដ្ឋាន
កិច្ចប្រជុំនេះបានបញ្ចប់ទៅ នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃដដែលប្រកបដោយបរិយាកាសស្និទ្ធស្នាល និងភាពទទួលខុសត្រូវខ្ពស់៕



