លេខាធិការដ្ឋាន គ.ជ.ប.ភ – ភ្នំពេញ ៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម សហការជាមួយស្ថាប័នអ្នកជំនាញការបារាំង (ក្រោមគំរោងរបស់ CoE-EU )
បានរៀបចំបើកវគ្គហ្វឹកហ្វឺនស្តីពីការឆ្លើយតបនឹងសារធាតុ CBRN សំរាប់អ្នកឆ្លើយតបបឋម (គំរោងលេខ២២ របស់សហគមន៍អ៊ឺរ៉ុប) ដោយមានការចូលរួមពីមន្រ្តីជំនាញសំខាន់ៗមួយចំនួនមកពីក្រសួងមហាផ្ទៃ (នាយកដ្ឋានពន្លត់អគ្គីភ័យ និងគ្រប់គ្រងអាវុធជាតិផ្ទុះ) ក្រសួងការពារជាតិ (ក្រុមការងារថ្នាក់ជាតិ CBRN) ក្រសួងសុខាភិបាល និងក្រុម CBRE របស់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដោយមានគ្រូបង្គោលមកពីស្ថាប័នពន្លត់អគ្គភ័យនៃចក្រភពអង់គ្លេស និងក្រុមអ្នកជំនាញការរបស់ប្រទេសបារាំង (France Expertise Internationale) ។ ដែលវគ្គហ្វឹកហ្វឺននេះមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៤ នៅលេខាធិការដ្ឋាន គ.ជ.ប.ភ ក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គជាផ្លូវការនោះ ឯកឧត្តម អ៊ឹងអៀង សមាជិកលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានគោរពថ្លែងអំណរគុណដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហគមន៍អ៊ឺរ៉ុប ដែលបានផ្តល់កិត្តិយសចូលរួមក្នុងពិធីបើកវគ្គសិក្សានេះ ហើយក៏ថ្លែងអំណរគុណចំពោះការផ្តល់នូវវគ្គហ្វឹកហ្វឺន និងឧបករណ៍ការពារបឋម CBRN ដែលសហគមន៍អ៊ឺរ៉ុបបានផ្តល់មកនេះ ។ ឯកឧត្តមក៏បានលើកពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមជាមួយតំបន់ និងសកលលោកក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធសារធាតុ CRBN ខុសច្បាប់ និងការប្រយុទ្ធប្រឆាំងភេរវកម្មផងដែរ។ ឯកឧត្តមបានបន្តទៀតថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានបំពាក់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ នៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោមជំនួយរបស់សហរដ្ឋអាមេរិក និងកំពុងរៀបចំបំពាក់បន្ថែមនៅកំពង់ផែស្វយ័តភ្នំពេញ ក្រោមជំនួយរួមរបស់សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប ។ ទន្ទឹមនឹងនេះយើងនៅបានអនុវត្តន៍ និងកំពុងបង្កើនសមត្ថភាពមន្រ្តីពាក់ព័ន្ធរបស់ខ្លួន ក៏ដូចជាបានចែករំលែកការសម្របសម្រួលប្រកបដោយសុខដុមនីយកម្មរវាងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដល់បណ្តាប្រទេសនៅក្នុងតំបន់ផងដែរលើគំរោងនេះ ។
ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ កូតាំង ឯកអគ្គរដ្ឋទូតសហគមន៍អ៊ឺរ៉ុប ក៏បានសម្តែងនូវការសេចក្តីរីករាយក្នុងការចូលរួមបើកវគ្គដ៏មានអត្ថន័យនេះ ហើយបានមានប្រសាសន៍បន្ថែមថា ការចូលរួមវគ្គហ្វឹកហ្វឺនក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ដែលជាពេលឈប់សំរាកនេះ បានបង្ហាញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាមានជំហររឹងមាំខ្លាំងណាស់ក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងសារធាតុ CRBN នេះ ។ សហគមន៍អ៊ឺរ៉ុប ពិតជាមានសេចក្តីរំភើបខ្លាំងណាស់ពីជំហររបស់កម្ពុជា ពិសេសសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ ថាកម្ពុជាចូលរួមជាមួយសហរដ្ឋអាមេរិក និងសកលលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ក្រុម ISIS និងក្រុមភេរវកម្មដ៏ទៃទៀត ហើយមិនឱ្យគេយកកម្ពុជាជាឋានសួគ៝នៃការជ្រកកោនដើម្បីបំពេញមហិច្ឆតារបស់ពួកគេឡើយ។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនដែលមានរយៈពេល ០៥ថ្ងៃ គឺរួមបញ្ជូលទាំងការសិក្សាលើទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែងលើឧបករណ៍មួយចំនួន ដែលសហគមន៍អ៊ឺរ៉ុបបាននាំមកជាមួយផងដែរ ។