វគ្គ​បណ្តុះ​បណ្តាល​របស់​លេខា​ធិការ​ដ្ឋាន​ គ.ជ.ប.ភ ឈាន​ដល់​ការ​សរសេរ​របាយ​ការណ៍​ស្ថាន​ភាព​ (SITREPs)

0

ភ្នំពេញ ៖ ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​អស់​រយៈ​ពេល​ជិត​ពីរ​ខែ​ ស្តី​ពី​សៀវ​ភៅ​ផែន​ការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ ដែល​បាន​រៀប​ចំ​ឡើង​នៅ​លេខា​ធិកា​រដ្ឋាន​ គ.ជ.ប.ភ ស្ថិត​ក្នុង​មូល​ដ្ឋាន​កង​ទ័​ព​ការពារ​អាកាស​ពោធ៍​ចិន​តុង​ ចាប់​តាំង​ពី​ថ្ងៃទី​ ១៨​ ខែ​ សីហា​ ឆ្នាំ​ ២០១៤​ កន្លង​មក​​បាន​ឈាន​ដល់​វគ្គ​ពិសេស​ គឺ​ការ​ណែ​នាំ​ពី​ការ​សរសេរ​របាយ៍​ការណ៍​ស្ថាន​ភាព​ SITREPs (Situation Reports) ។

ជាក់​ស្តែង​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០១​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៤​ វគ្គ​បណ្តុះ​បណ្តាល​ដែល​មាន​ការ​បង្ហាត់​បង្ហាញ​ផ្ទាល់​ពី​ឯក​ឧត្តម​ឧត្តម​សេនីយ៍​ឯក​ គឹម​ នាន​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ប្រ​ធាន​/អនុ​ប្រធាន​នាយក​ដ្ឋាន​ ប្រធាន​/អនុ​ប្រធាន​ការិ​យាល័យ​ និង​មន្រ្តី​ បុគ្គលិក​ នៃ​លេខា​ធិការ​ដ្ឋាន​ គ.ជ.ប.ភ ជា​សិក្ខា​កាម​ជា​ច្រើន​នាក់​ផង​ដែរ​ ។

ការ​យល់​ដឹង​ពីការ​សរសេរ​របាយ​ការណ៍​ស្ថាន​ភាព​ (SITREPs)​ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ ដែល​បែង​ចែក​ជាដំ​ណាក់​កាល​សំខាន់ៗ​ដូចជា​ របាយ​ការណ៍​មុន​ពេល​កើត​ហេតុ​ ក្នុង​ពេល​កើត​ហេតុ​ និង​ក្រោយ​ពេល​កើត​ហេតុ​ បូក​រួម​ទាំង​ការ​គ្រប់​គ្រង​ព័ត៌មាន​​ និង​ចែក​រំលែក​ព័ត៌មាន​ផង​ដែរ​ ។ ក្រៅ​ពី​ការ​សិក្សា​ទ្រឹស្តី​នៅ​មាន​ការ​លើក​ជា​ឧទាហរណ៍​ និង​ការ​អនុវត្ត​ជាក់​ស្តែង​​ដើម្បី​ឲ្យ​សិក្ខា​កាម​រៀន​សរសេរ​ដោយ​ផ្ទាល់​បាន​យល់​កាន់​តែច្បាស់​ និង​ប្រាកដ​ថា​ក្រោយ​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ គឺ​អាច​យក​ចំណេះ​ដឹង​ទាំង​អស់​នេះ​ទៅ​ប្រើ​ប្រាស់​បាន​គ្រប់ៗ​គ្នា​ ។ ជា​មួយ​គ្នា​នេះ​ដែរ​ ក៍មាន​លំហាត់​អនុវត្ត​ស្តី​ពី​ការ​ប្រឆាំង​ភេរវ​កម្ម​មួយ​ចំនួន​ ដោយ​លើក​យក​បញ្ហា​ដែល​ពិភព​លោក​កំពុង​តែ​មាន​ការ​ព្រួយ​បារម្មណ៍​យ៉ាង​ខ្លាំង​ និង​កំពុង​តែ​រួម​គ្នា​ចាត់​វិធាន​ការ​នានា​ប្រ​យុទ្ធ​ប្រ​ឆាំង​នោះ​ គឺ​ក្រុម​ភេរវ​កម្ម​ឥស្លាម​និយម​ជ្រុល​ ISIS ដើម្បី​ឲ្យ​សិក្ខា​កាម​បាន​ផ្តល់​មតិ​យោបល់​ពិ​ភាក្សា​គ្នា​រក​ដំ​ណោះ​ស្រាយ​ និង​យន្ត​ការ​មួយ​ចំនួន​ក្នុង​ការ​សរសេរ​​បង្ការ​ទប់​ស្កាត់​កុំ​ឲ្យ​កើត​មាន​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដោយ​ដាក់​ចេញ​ជា​សេនារី​យោផ្សេងៗ​ និង​បាន​បែង​ចែក​ជា​ក្រុម​ពិភាក្សា​តាម​នាយក​ដ្ឋាន​នីមួយៗ​ទៅ​តាម​តួនាទី​ ភារ​កិច្ច​និង​សកម្ម​ភាព​ដែល​កើត​ឡើង​ជាក់​ស្តែង​ក្នុង​ពេល​កើត​ហេតុ​ផង​ដែរ​ ៕

01020403