ភ្នំពេញ ៖ ព្រឹកថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៤ នេះ នាវេលាម៉ោង ០៩:០០នាទី នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា នៃលេខាធិការដ្ឋាន គ.ជ.ប.ភ (ទីតាំងមូលដ្ឋានទ័ពអាកាស ពោធិ៍ចិនតុង) បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមការដឹកនាំដោយផ្ទាល់ពីលោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋាន លោក សរ សេរីវាសនា អនុប្រធាននាយកដ្ឋាន និងមានការចូលរួមពីមន្ត្រីជំនាញទទួលខុសត្រូវការិយាល័យចំណុះទាំង៤ ព្រមទាំងមន្ត្រីដែលជាសមាជិក-សមាជិកា ជាច្រើនរូបទៀត ។
កិច្ចប្រជុំនៅព្រឹកនេះក្រោមរបៀបវារៈសំខាន់ៗចំនួន ០៣ រួមមាន ៖
១- ការរៀបចំរចនាសម្ព័ន្ធថ្មី ថ្នាក់ការិយាល័យមួយចំនួន
២- ការកែសម្រួលសមាសភាព ក្នុងការអនុវត្តភារកិច្ច និងការទទួលខុសត្រូវរបស់មន្រ្តី
៣- ការកសាងផែនការប្រចាំឆ្នាំ ២០១៥
ថ្លែងក្នុងកិច្ចប្រជុំនោះ លោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋាន បានលើកឡើងពីការងារសំខាន់ៗមួយចំនួន ដែលនាយកដ្ឋានត្រូវបន្តការអនុវត្ត ក្នុងនោះក៍ទាមទារឲ្យមានការចូលរួមពីគ្រប់មន្រ្តីនៅតាមការិយាល័យនានាផងដែរ ។ លោកប្រធាននាយកដ្ឋាន ក៍បានផ្តាំផ្ញើរដល់មន្រ្តីទាំងអស់ ឲ្យបន្តការខិតខំសំរេចការងារដែលនៅសេសសល់ និងរក្សានូវវប្បធម៌នៃការចែករំលែក ជាពិសេសគឺត្រូវប្រកាន់ខ្ជាប់នូវការកំណត់របបនៃការរាយការណ៍ ការបង្កើតផែនការ ការអនុវត្តការងារ និងការត្រួតពិនិត្យការងារ ដែលវាជារួបមន្តមួយជម្រុញឲ្យការងារដែលយើងកំពុងប្រតិបត្តិរឹតតែមានប្រសិទ្ធិភាព និងទទួលបានលទ្ធផលខ្ពស់ ។ លោកក៍បានផ្តាំផ្ញើរទៅកាន់ការិយាល័យនិមួយៗ ត្រូវតែអនុវត្តរបបប្រជុំផ្ទៃក្នុងប្រចាំសប្តាហ៍ តាមការិយាល័យរបស់ខ្លួនឲ្យបានទៀតទាត់ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ ។
កិច្ចប្រជុំនេះបានបញ្ចប់ទៅ នៅវេលាម៉ោង១០:០០នាទី ព្រឹកថ្ងៃដដែលប្រកបដោយបរិយាកាសស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់ ៕