ភ្នំពេញ៖ បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេលជិតពីរខែកន្លងមក វគ្គហ្វឹកហ្វឺនសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដែលរៀបចំឡើងនៅលេខាធិការដ្ឋាន គ.ជ.ប.ភ ស្ថិតក្នុងមូលដ្ឋានកងទ័ពការពារអាកាសពោធិ៍ចិនតុង បានបញ្ចប់នាវេលាម៉ោង ១១:៣០នាទី ព្រឹកថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៤ ពោលគឺបានបញ្ចប់មុនការគ្រោងទុក ។ សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនដែលដឹកនាំបង្រៀន និងបង្ហាត់បង្ហាញដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម នាន សមាជិកលេខាធិការដ្ឋាន គ.ជ.ប.ភ គឺមានសិក្ខាកាមអញ្ជើញចូលរួមពីសំណាក់ លោកប្រធាន/អនុប្រធាននាយកដ្ឋាន, លោកប្រធាន/អនុប្រធានការិយាល័យ និងមន្រ្តីមួយចំនួនទៀត នៃលេខាធិការដ្ឋាន គ.ជ.ប.ភ ។
បន្ទាប់ពីបានបញ្ចប់វគ្គហ្វឹកហ្វឺននេះ សិក្ខាកាមដែលបានចូលរួមទាំងអស់ កាន់តែបានយល់ច្បាស់បន្ថែមទៀតពីតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដឹកនាំកិច្ចសម្របសម្រួល និងចាត់ចែងការងារឯកទេស ធ្វើយ៉ាងណាដោះស្រាយបញ្ហាអោយស៊ីចង្វាក់គ្នានៅពេលមានឧបទ្ទវហេតុភេរវកម្មកើតឡើង ដែលជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានលេខាធិការដ្ឋាន គ.ជ.ប.ភ ជាសេនាធិការ ៕