បទ​បង្ហាញ​ និង​ការ​បូក​សរុប​លទ្ឋ​ផល​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ សៀវ​ភៅ​ផែន​ការ​ជាតិ​ប្រ​ឆាំង​ភេរវ​កម្ម

0

ភ្នំពេញ៖ ដោយ​មើល​ឃើញ​ពី​សេច​ក្តី​ត្រូវ​ការ​ និង​សារៈ​សំខាន់​ដ៏ចាំ​បាច់​បំផុត​​ ក្នុង​ការ​ផ្តល់​​ចំណេះ​ដឹង​ដល់​មន្រ្តី​ បុគ្គលិក​របស់​ខ្លួន​ទាំង​អស់ លេខា​ធិ​ការ​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​មួយ​ ស្តី​ពី​សៀវ​ភៅ​​​ផែន​​ការ​​ជាតិ​ប្រឆាំង​ភេរវ​​កម្ម​ ដោយបាន​ដំ​ណើរ​សិក្សា​ចាប់​ពី​ថ្ងៃ​ទី​ ១៨​ ខែ​ សីហា ឆ្នាំ​២០១៤ កន្លង​មក​ បាន​ឈាន​ដល់​ការ​បិទ​បញ្ចប់​វគ្គ​បណ្តុះ​​បណ្តាល​ជា​ស្ថាពរ​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១០​ ខែ​ តុលា ​ឆ្នាំ ២០១៤ ដោយ​មាន​ការ​បង្ហាត់​បង្ហាញ​ផ្ទាល់​ពី​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ឯក គឹម នាន និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ប្រធាន​/អនុ​ប្រធាន​នាយក​ដ្ឋាន​, លោក​ប្រធាន​/អនុ​ប្រធាន​ការិយា​​ល័យ​ និង​មន្រ្តី​ បុគ្គ​លិក នៃ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ ជា​សិក្ខា​កាម​ជា​ច្រើន​នាក់​ផង​ដែរ​។

បន្ទាប់​ពី​ទទួល​​បាន​ការ​សិក្សា​លើ​ទ្រឹស្តី​ និង​ស្តាប់​ការ​លើ​ជា​ឧទាហរណ៍​មួយ​ចំនួន​ ក្នុង​ការ​សិក្សា​ពី​សៀវ​​ភៅ​ផែន​ការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ជាតិ​ រួច​មក​ហើយ​នោះ​ ទើប​នៅ​សប្តាហ៍​ចុង​ក្រោយ​នៃ​វគ្គ​បណ្តុះ​បណ្តាល​ លោក​គ្រូ​បង្គោល​ បាន​រៀប​ចំ​សេនារី​យ៉ូ​សំខាន់ៗ​ចំនួន​០៣​ ដើម្បី​ឲ្យ​សិក្ខា​កាម​ទាំង​អស់​រៀប​ចំ​ធ្វើ​បទ​បង្ហាញ​ ស្វែង​យល់​ និង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ដែល​កើត​មាន​តាម​សេនារី​យ៉ូ​នីមួយៗ​ ដោយ​មាន​ការ​ណែ​នាំ​ និង​ផ្តល់​យោ​បល់​កែ​តម្រូវ​បន្ថែម​ពី​លោក​គ្រូ​បណ្តុះ​បណ្តាល​ផង​ដែរ​ ។ សេនារី​យ៉ូ​ទាំង​០៣​ គឺ ៖

   សេនារី​យ៉ូទី១ អគ្គី​ភ័យ​បាន​ឆាប​ឆេះ​ ០៣​ កន្លែង​ នៅ​ក្នុង​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ (ក្នុង​កន្លែង​រង់​ចាំ, កន្លែង​ទទួល​ភ្ញៀវ និង​ឃ្លាំង​ផ្ទុក​ទំនិញ​) ក្នុង​កំរិត​មួយ​ខ្លាំង​ក្លា​នៅ​ម៉ោង​១០:២៥​ នាទី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ កញ្ញា​ ឆ្នាំ ​២០១៤ ។ ​របាយ​ការណ៍​ពី​អគ្គី​ភ័យ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ផ្ទាល់​មាត់​របស់​មន្រ្តី​អន្តោ​ប្រវេសន៍​ប្រចាំ​ការ​ក្នុង​ព្រលាន​យន្ត​ហោះ​ ហើយ​ថា​នៅ​ទី​លាន​ចំណត​រថយន្ត​ មាន​រថយន្ត​០១​គ្រឿង​ មាន​ផ្ទុក​ជាតិ​ផ្ទុះ​ផង​ ។

   សេនារីយ៉ូទី២ នៅ​ម៉ោង​ ០១:៣០ នាទី​ថ្ងៃ​ទី​២៥ ​ខែ កញ្ញា ឆ្នាំ​ ២០១៤ នាវា​ទេសចរណ៍ ​IL.De.France បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ​។ តាម​ព័ត៌មាន​បញ្ជូន​មក​ដោយ​នាយក​កំពង់​ផែថា​ នៅ​ម៉ោង​ ០២:៣០ នាទី​មាន​ករណី​ចាប់​ជំរិត​ភ្ញៀវ​ទេសចរណ៍​ទាំង​អស់​លើ​នាវា​នេះ​ ហើយ​មិន​ទាន់​មាន​ព័ត៌មាន​ជាក់​លាក់​ថា​មាន​ភ្ញៀវ​ពិត​ប្រាកដ​ចំនួន​ប៉ុន្មាន​នោះ​ទេ​។ តាម​មន្រ្តី​ប៉ូលីស​ប្រចាំ​ច្រក​ទ្វារ​កំពង់​ផែ​បាន​ទទួល​បញ្ជី​ឈ្មោះ​ចំនួន​ ៥២០នាក់​ ដោយ​មិន​គិត​ពី​នាវិក​, អ្នក​បំរើ​ និង​កម្មករ​លើ​នាវា​នោះ​ឡើយ​ ។

   សេនារីយ៉ូទី៣ នគរ​បាល​ខេត្ត​សៀម​រាប​ បាន​បង្ហាញ​ពី​ខិត​ប័ណ្ណ​ជា​ច្រើន​សន្លឹក​នៅ​ថ្ងៃទី​ ២៦ ​ខែ ​កញ្ញា ​ឆ្នាំ​ ២០១៤ ដែល​ជន​អនា​មិក​បាច​ក្នុង​ខេត្ត​ ដែល​ក្នុង​ខ្លឹម​សារ​គំរាម​ថា​ នឹង​ធ្វើ​ការ​វាយ​ប្រហារ​ និង​ចាប់​ជំរិត​អ្នក​ទេសចរណ៍​បច្ចឹម​ប្រទេស​ដោយ​កាត់​ក ប្រសិន​បើរ​ដ្ឋាភិ​បាល​កម្ពុជា​មិន​ដក​ខ្លួន​ចេញ​ពីការ​គាំទ្រ​ និង​ប្រឆាំង​ពួក​រដ្ឋ​ឥស្លាម​ (ISIS)​ ទេ​នោះ​ ។

ឆ្លង​តាម​រយៈ​នៃ​ការ​សិក្សា​សៀវ​ភៅ​ផែន​ការ​ជាតិ​ និង​ការ​ធ្វើ​បទ​បង្ហាញ​កន្លង​មក​នេះ​ ឯក​ឧត្តម ឧត្តម​សេនីយ៍​ឯក​ គឹម នាន បាន​ធ្វើ​ការ​វាយ​តំលៃ​ខ្ពស់​ពីលទ្ឋ​ផល​នៃ​វគ្គ​បណ្តុះ​បណ្តាល​នេះ​ ដោយ​សិក្ខា​កាម​ទាំង​អស់​មាន​ការយក​ចិត្ត​ទុក​ដាក់​ និង​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​សិក្សា​ចាប់​តាំង​ពីថ្ងៃ​បើក​វគ្គ​ដំបូង​ រហូត​ដល់​ថ្ងៃ​បិទ​វគ្គ​ ដែល​អាច​យក​ចំណេះ​ដឹង​ទាំង​នេះ​ទៅ​បំរើ​ដល់​ការងារ​ និង​តួនាទី​ភារ​កិច្ច​របស់​ខ្លួន ក៏​ដូច​ជា​អង្គ​ភាព​ទាំង​មូល​អោយ​កាន់​តែ​មាន​ប្រសិទ្ឋ​ភាព​ខ្ពស់​ផង​ដែរ​ ៕   (ហៀង សុជាតិ)

01 02 03 04