ភ្នំពេញ ៖ ក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាពរបស់មន្រ្តី ឲ្យបានយល់កាន់តែច្បាស់ និងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់ម៉ាស៊ីនស្កេនសារធាតុវិទ្យុសកម្ម នាព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៤ នេះ នៅគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ទីតាំងក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ) បានបើកវគ្គបណ្តុះបណ្តាលមួយ ស្តីពីការប្រើប្រាស់ម៉ាស៊ីនស្កេនសារធាតុវិទ្យុសកម្ម ក្នុងនោះរួមមានម៉ាស៊ីន ORTEC, Backpack, Pager និង RIID ។ វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២២-២៤ ខែ តុលា ឆ្នាំ ២០១៤ នេះ មានការចូលរួមធ្វើបទបង្ហាញដោយមន្រ្តីនៅក្នុងក្រុមការងារ CBRN នៃលេខាធិការដ្ឋាន គ.ជ.ប.ភ និងមានការចូលរួមពីសិក្ខាកាមដែលអញ្ជើញមកពី បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ។
ចំពោះគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺជាការចែករំលែកចំណេះដឹងពីរបៀបនៃការប្រើប្រាស់ និងការថែទាំឧបករណ៍ស្រាវជ្រាវរកសារធាតុវិទ្យុសកម្មជូនដល់សិក្ខាកាមដែលបានចូលរួមទាំងអស់យកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាពខ្ពស់ ។ គួរបញ្ជាក់ថា ម៉ាស៊ីនស្កេនសារធាតុវិទ្យុសកម្មទាំង ០៤ប្រភេទនេះ គឺទទួលបានពីសហគមន៍អ៊ឺរ៉ុប និង IAEA ហើយក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល ០៣ថ្ងៃនេះលេខាធិការដ្ឋាន គ.ជ.ប.ភ និងប្រគល់បន្តជូនទៅ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ៕