ភ្នំពេញ ៖ ឆ្លងកាត់ការបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ ការថែទាំ និងអនុវត្តជាក់ស្តែងលើ ម៉ាស៊ីនស្កេនសារធាតុវិទ្យុសកម្មរយៈពេល ០៣ថ្ងៃកន្លងមក នៅព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៤ នេះ បានបិទបញ្ចប់វគ្គដោយជោគជ័យ និងបានធ្វើពិធីប្រគល់/ទទួលឧបករណ៍រាវ រកសារធាតុវិទ្យុសកម្ម នៅគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ទីតាំងក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ) ។
អញ្ជើញចូលរួមក្នុងពិធីបិទវគ្គ និងប្រគល់/ទទួលឧបករណ៍រាវរកសារធាតុវិទ្យុសកម្មនេះ រួមមានតំណាងលេខាធិការដ្ឋាន គ.ជ.ប.ភ និងតំណាងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ។ គួរបញ្ជាក់ថា ម៉ាស៊ីនស្កេនសារធាតុវិទ្យុសកម្មទាំង ០៤ប្រភេទដែលត្រូវប្រគល់ជូននាពេលនេះរួមមាន ម៉ាស៊ីន ORTEC, Backpack, Pager និង RIID ដែលជាជំនួយឧបត្ថមពីសហគមន៍អ៊ឺរ៉ុប និង IAEA ផ្តល់ជូនលេខាធិការដ្ឋាន គ.ជ.ប.ភ ហើយក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ និងប្រគល់ជូនទៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដើម្បីយកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅរក្សាសុខសុវត្តិភាពជូនថ្នាក់ដឹកនាំ ក៍ដូចជាសន្តិសុខជាតិទាំងមូល ៕