ភ្នំពេញ៖ ព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៥ វេលាម៉ោង ០៨:៣០ នាទី នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំខែកុម្ភៈ ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម នាន សមាជិក ល.គ.ជ.ប.ភ លោក សរ សេរីវិចិត្រ ប្រធាននាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ លោកអនុប្រធាននាយកដ្ឋាន និងមានការចូលរួមពីលោកប្រធាន/អនុប្រធានការិយាល័យ មន្រ្តីបុគ្គលិកទាំងអស់ជាច្រើនរូបទៀត ។
ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម នាន បានសាកសួរសុខទុក្ខដល់មន្រ្តីបុគ្គលិកទាំងអស់ពីទុកលំបាក និងបញ្ហាប្រឈមនានាដែលបានជួបប្រទះនាឆ្នាំ២០១៤ កន្លងមក ដើម្បីសំរេចនូវភារកិច្ចការងារថ្មីៗបន្តទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក មានប្រសាសន៍លើកទឹកចិត្ត និងជំរុញការងារដល់មន្រ្តីទាំងអស់ត្រូវរួមសហការគ្នាជាធ្លុងមួយក្នុងការបំពេញការងារឲ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់សំរេចតាមផែនការសកម្មភាពសំរាប់ឆ្នាំ២០១៥នេះ ដើម្បីជាស្នាដៃ និងកិត្តិយសរបស់នាយកដ្ឋានទាំងមូលផងដែរ ។
ជាមួយគ្នានេះ លោក សរ សេរីវិចិត្រ ប្រធាននាយកដ្ឋាន បានមានមតិយកចិត្តទុកដាក់ និងកោតសរសើរខ្ពស់ដល់មន្រ្តីបុគ្គលិកដែលបានខិតខំបំពេញការងារដោយយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់នាពេលកន្លងមក ហើយសំរាប់ឆ្នាំថ្មីនេះ យើងត្រូវបន្ត និងបង្កើនការខិតខំបន្ថែមទៀត ព្រោះពេលនេះគំរោងថវិកាសំរាប់អនុវត្តផែនការសកម្មភាពឆ្នាំ២០១៥ បានធ្លាក់មកហើយ ដោយផ្តល់ជាដំណាក់កាលគិតជាត្រីមាស ដូច្នេះការអនុវត្ត និងដាក់ផែនការសកម្មភាពការងារត្រូវកំណត់ក្នុងរយៈពេលបីខែម្តងហើយដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពការងារ នាយកដ្ឋានបានធ្វើការបែងចែកជា ០៣ក្រុម ដោយទទួលខុសត្រូវលើការងារផ្សេងៗគឺ ក្រុមសេនាធិការ ដឹកនាំដោយលោកផ្ទាល់ ក្រុមគោលដៅទន់ ដឹកនាំដោយលោក ឈុន សុជាតិ អនុប្រធាននាយកដ្ឋាន និងក្រុមគោលដៅរឹង ដឹកនាំដោយលោក គឹម ម៉ាក្សសី អនុប្រធាននាយកដ្ឋាន ។ ក្រោយពីទទួលការអនុញ្ញាតពីលោកប្រធាននាយកដ្ឋាន អង្គប្រជុំបានលើកឡើងជាយោបល់ថា ៖
- លោក ង៉ោ វីរ៉ាវុធ បញ្ហាប្រឈមគឺការប្រើប្រាស់ផែនទីគោលដៅបង្ហាញភូមិសាស្ត្រមានលក្ខណៈចាស់មិនទាន់ធ្វើការកែតម្រូវទៅតាមសភាពជាក់ស្តែង ។
- លោក ម៉ី សាម៉ុន ចូលរួមយោបល់លើបញ្ហានេះថា យើងអាចប្រើប្រាស់ផែនទីជំនួយដើម្បីកំណត់ប្លង់ភូមិសាស្រ្តតាមរយៈកម្មវិធី Google Maps, Google Earth ជាដើម ។
- លោក ហេង ឆៃវណ្ណ មានយោបល់ថា ការបំពេញការងារពាក់ព័ន្ធភូមិសាស្រ្តនេះ កត្តាសំខាន់គឺទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋានដែលជាអង្គភាពផ្ទាល់ជាមួយប្រជាពលរដ្ឋ និងស្គាល់ច្បាស់បំផុតពីភូមិសាស្រ្តរបស់ខ្លួន ។
- លោក ប៊ុន ហេង បានបន្ថែមថា ការចុះបំពេញការងារ ឬការស្រាវជ្រាវអ្វីមួយត្រូវមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន មានភូមិ សង្កាត់ ខណ្ឌ ជៀសវាងបញ្ហាដែលកើតមានដោយប្រការណាមួយ ។
ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម នាន បានបញ្ជាក់ថា ឯកឧត្តមគ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលថ្មីមួយដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារបន្ថែមទៀតនៅចុងខែកុម្ភៈ ឆ្នាំ២០១៥នេះ ។ កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១១:០០ នាទី ថ្ងៃដដែល ដោយក្តីសោមនស្សរីករាយ និង សាមគ្គីភាពខ្ពស់ ៕