ភ្នំពេញ ៖ បន្ទាប់ពីបានដំណើរការអស់រយៈពេល ០២ថ្ងៃ កន្លងមក វគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងអំពីសិទិ្ធមនុស្ស ការគ្រប់គ្រងព័ត៌មានស៊ីវិលកម្រិតប្រតិបត្តិការ និងការធ្វើផែនការសកម្មភាពពេលមានវិបត្តិ បានបញ្ចប់ដោយជោគជ័យមុនការគ្រោងទុក ហើយពិធីបិទវគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៥ នៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ទីតាំងមូលដ្ឋានទ័ពអាកាសពោធិចិនតុន) ។
ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម អ៊ុឹង អៀង សមាជិក ល.គ.ជ.ប.ភ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធាន ល.គ.ជ.ប.ភ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធាន និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានមានប្រសាសន៍ថ្លែងអំណរគុណដល់មន្រ្តីជាសិក្ខាកាមអញ្ជើញមកពីតាមក្រសួងនានាដែលពាក់ព័ន្ធ ក៏ដូចក្រុមគ្រូបង្គោលជាកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក (បញ្ជាការដ្ឋានប៉ាស៊ីហ្វិក) ទាំងអស់ ដែលបានខិតខំចំណាយពេលវេលាមកចូលរួមរៀន និងបង្រៀនក្នុងវគ្គបណ្តុះបណ្តាលនេះ ។ ឯកឧត្តម បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាការបើកឱកាសឲ្យសិក្ខាកាមទាំងអស់បានចូលរួមពិភាក្សាវែកញែកត្រង់ទៅត្រង់មក ដើម្បីរិះរកនូវវិធានការការពារទប់ស្កាត់មុននិងហេតុការណ៍កើតមានឡើង ម្យ៉ាងទៀតក៍ជាឱកាសមួយដែលអាចឲ្យ ល.គ.ជ.ប.ភ បានធ្វើបច្ចុប្បន្នភាពសៀវភៅផែនការជាតិប្រឆាំងភេរវកម្មផងដែរ ។ ឯកឧត្តម បានបន្តថា នៅពេលខាងមុខនេះលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម នឹងបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលថ្មីៗថែមទៀតដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរ ដោយក្នុងនោះក៏និងអញ្ជើញមន្រ្តីនៅតាមក្រសួង ស្ថាប័នដែលពាក់ព័ន្ធចូលរួមផងដែរ។
សូមជំរាបថា នៅក្នុងវគ្គបណ្តុះបណ្តាលនេះ គ្រូបង្គោលបានធ្វើបទបង្ហាញយ៉ាងលំអិតពីការយល់ដឹងអំពីសិទ្ធិមនុស្ស ដោយបានបកស្រាយពីប្រវត្តិគោលនយោបាយសិទ្ធិមនុស្ស គោលនយោបាយសិទ្ធិមនុស្ស ការការពារជាមូលដ្ឋាន គោលការណ៍ទាំងដប់នៃសិទ្ធិមនុស្ស ។ ដោយឡែកអំពីការគ្រប់គ្រងព័ត៌មានស៊ីវិលកម្រិតប្រតិបត្តិការ គ្រូបង្គោលក៍បានបង្ហាញយ៉ាងលំអិតផងដែរពីទិដ្ឋភាពទូទៅនៃការគ្រប់គ្រងព័ត៌មានស៊ីវិល, ដំណើរការប្រតិបត្តិការ, កត្តាពិចារណាលើការគ្រប់គ្រងព័ត៌មានស៊ីវិលកម្រិតប្រតិបត្តិការ និងឧបសគ្គ រួមជាមួយនឹងការធ្វើផែនការសកម្មភាពពេលមានវិបត្តិ ។ ហើយនៅចុងបញ្ចប់នៃពិធីបិទវគ្គនេះ គណៈអធិបតី និងគ្រូបង្គោល ក៍បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមផងដែរ ៕