ជំនួប​ការងារ​រវាង​លេខា​ធិកា​រដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ និង​គណៈ​ប្រតិភូ​ជប៉ុន​ (JICA) និង​ប្រតិភូ​អាស៊ាន

0

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី​ ០២​ ខែ​ មីនា​ ឆ្នាំ​ ២០១៥​ នៅ​លេខា​ធិកា​រដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ (ទី​តាំង​អគ្គស្នង​ការ​នគរបាល​ជាតិ)​ ឯកឧត្តម អ៊ុឹង អៀង​ សមាជិក​ ល.គ.ជ.ប.ភ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ ឱម​​ ​​​យ៉ិន​​​​ទៀង​ ​​អនុ​ប្រធាន​ ល.គ.ជ.ប.ភ​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​ប្រតិភូ​ជប៉ុន​ (JICA)​ និង​គណៈ​ប្រតិភូ​អាស៊ាន​ ក្នុង​គោល​បំណង​ស្វែង​យល់​ពីការ​ចង​ក្រង​សៀវ​ភៅផែន​ការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ ហើយ​ក៍មាន​ការ​អម​អញ្ជើញ​ចូល​រួម​ពី​ប្រធាន​នាយក​ដ្ឋាន​ទាំង​៤​​ ចំណុះ​លេខា​ធិកា​រដ្ឋាន​ផងដែរ​ ។

នៅ​ក្នុង​ជំនួប​នេះ​ ឯកឧត្តម អ៊ុឹង អៀង​ បាន​មាន​ប្រសាសន៍​ស្វាគមន៍​ និង​ថ្លែង​អំណរ​គុណ​ចំពោះ​គណៈ​ប្រតិភូ​ទាំងអស់​ដែល​បាន​ចាប់​អារម្មណ៍​ និង​ចំណាយ​ពេល​វេលា​ដ៏​មមា​ញឹក​ ក្នុង​ការ​ចុះ​មក​ស្វែង​យល់​ពី​សៀវភៅ​ផែន​ការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ ​ដែល​បាន​ចង​ក្រង​ឡើង​ដោយ​លេខា​ធិកា​រដ្ឋាន​ គ.ជ.ប.ភ​ ដែល​ការ​ចង​ក្រង​សៀវភៅ​ផែនការ​ជាតិ​នេះ​ គឺ​ផ្តោត​ទៅ​លើ​ចំណុច​សំខាន់ៗ​ចំនួន​០៤​ រួមមាន​ ទី១៖​ ការការពារ,​ ទី២៖​ ការ​ទប់​ស្កាត់,​ ទី៣៖​ ការ​ឆ្លើយ​តប​ និង​ទី៤៖​ ការស្តារ​ឡើងវិញ​ ។​ មួយវិញ​ទៀត​ការ​ចងក្រង​សៀវភៅ​ផែន​ការ​ជាតិ​នេះ​ គឺ​ដើម្បី​បែង​ចែក​ភារ​កិច្ច​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​កម្ពុជា​ សំដៅ​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ជាន់​ដែន​សមត្ថកិច្ចគ្នា​ ដោយ​បាន​ចែង​យ៉ាង​ច្បាស់​ពីតួនាទី​ និងភារកិច្ច​ ដូចជា​ តើ​ស្ថាប័ន​ប៉ូលីស​ មាន​ភារ​កិច្ច​ត្រូវ​​ធ្វើអ្វី? កងរាជ​អាវុធហត្ថ​ ត្រូវ​ធ្វើអី្វ?​ និង​កង​យោធពល​ខេមរភូមិន្ទ​ ត្រូវធ្វើអី្វ?​ ហើយ​ប្រសិន​បើ​មាន​ឧបទ្ទវ​ហេតុ​ភេរវ​កម្ម​កើត​មាន​ឡើង​ តើ​ស្ថាប័ន​សំខាន់​ណាខ្លះ​ដែល​ត្រូវ​ចូលរួម?​ ។ ឯកឧត្តម​ បាន​បន្តថា​ នា​ពេល​កន្លង​មក​ លេខា​ធិកា​រដ្ឋាន​ គ.ជ.ប.ភ​ ​បាន​រៀប​ចំ​លំហាត់​សម​យុទ្ធ​សាក​ល្បង​ ទាំង​ទ្រង់​ទ្រាយ​តូច​ និង​ទ្រង់​ទ្រាយធំ​ ជា​ច្រើន​លើក​រួច​មក​ហើយ​ ដូច​ជា​នៅ​កំពង់​ផែ​ស្វ័យ​យ័ត​​ក្រុង​ព្រះសីហនុ​ ជាដើម​ ។ កម្ពុជា​​ បាន​ធ្វើ​លំហាត់​សមយុទ្ធ​ទ្រង់​ទ្រាយធំ​ ហើយ​ក៏​មាន​ការ​ចូលរួម​ពី​ប្រទេស​ដៃ​គូរ​មួយ​ចំនួន​ផង​ដែរ​ ដោយ​ផ្អែក​លើ​សៀវភៅ​ផែន​ការ​ជាតិ​នេះ​ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​របស់​កម្ពុជា​ គឺ​បាន​អនុវត្ត​យ៉ាង​ល្អ​ប្រសើរ​​ និង​ទទួល​បាន​ជោគ​ជ័យ​គួរ​ជាទី​មោទនៈ​ មិន​តែ​ប៉ុណ្ណោះ​គឺ​ទទួល​បាន​ការ​កោត​សរសើរ​ពីស្ថាប័ន​អន្តរ​ជាតិ​ទៀត​ផង​ ។ ​ឯកឧត្តម​ អ៊ុឹង អៀង​ បាន​គូស​បញ្ជាក់​បន្ថែម​ថា​ ទោះ​បី​ជា​ពេលនេះ​ កម្ពុជា​ មិន​ទាន់​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​ភេរវ​កម្ម​ក៏​​ដោយ​ ​​​​​​ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំរបស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ គឺ​កម្ពុជា​ប្តេជ្ញា​ជានិច្ច​ក្នុង​ការ​ចូលរួម​ ទប់ស្កាត់​ អំពើ​ភេរវ​កម្ម​គ្រប់​រូបភាព​ ទាំង​ថ្នាក់​ជាតិ​ ថ្នាក់​តំបន់​ និង​ពិភព​លោក​ទាំង​មូល​ ។

ចំណែក​ភាគី​ជប៉ុន​ ក៏បាន​សំដែង​ការ​សាទរ​ចំពោះ​កម្ពុជា​ ដែល​បាន​រៀបចំ​ចងក្រង​សៀវភៅ​ផែន​ការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​នេះ ​​បាន​ដោយ​ជោគជ័យ​ ដែល​សៀវភៅ​នេះ​ពិត​ជា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ សំរាប់​ចង្អុល​បង្ហាញ​ផ្លូវ​ដល់​កង​កម្លាំង​​របស់​​​កម្ពុជា​ ក្នុង​ការ​ប្រឆាំង​និង​អំពើ​ភេរវ​កម្ម​ ហើយ​គណៈ​ប្រតិភូ​ក៏បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម​​ ​​​យ៉ិន​​​​ទៀង​ ដែល​បាន​ប្រគល់​ជូន​នូវ​សៀវភៅ​ផែនការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ ដល់​គណៈ​ប្រតិភូ​ខ្លួន​នា​ពេល​នេះ​ ។

នៅ​ចុង​បញ្ចប់​នៃ​ជំនួប​នេះ​​ ក្នុងនាម​ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម​​ ​​​យ៉ិន​​​​ទៀង​ ​​អនុប្រ​ធាន​ ល.គ.ជ.ប.ភ​ ឯកឧត្តម​ អ៊ុឹង​ អៀង​ ​បាន​​ថ្លែង​អំណរ​គុណ​ចំពោះ​គណៈ​ប្រតិភូ​ទាំងអស់​ ហើយ​ឯកឧត្តម​ សង្ឃឹម​ថា​ប្រទេស​ជប៉ុន​ និង​ចូល​រួម​ជួយ​គាំទ្រ​ និង​បណ្តុះ​បណ្តាល​ទាំង​ផ្នែក​សំភារៈ​ និង​ផ្នែក​បច្ចេក​ទេស​ដល់​កម្ពុជា​ផង​ដែរ​ ។

ជំនួប​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ ១៥:៣០ នាទី​ ថ្ងៃ​ដដែល​ ប្រកប​ដោយ​បរិយា​កាស​សិ្នទ​ស្នាល​ និង​ជោគ​ជ័យ​គួរ​ជាទី​មោទនៈ​ ៕

03 05 01 02 04