ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ស្តី​អំពី​បច្ចេក​ទេស​នៃ​ការ​ប្រើ​ប្រាស់​ឧបករណ៍​រាវ​រក​សារធាតុ​វិទ្យុ​សកម្ម

0

ភ្នំពេញ ៖ ក្រោយ​ពីបាន​សិក្សា​ស្វែង​យល់​ទៅ​លើ​ទ្រឹស្តី​ និង​ការ​អនុវត្ត​លំហាត់​ជាក់​ស្តែង​ដោយ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ប្រើ​ប្រាស់​ឧបករណ៍​រាវ​រក​សារធាតុ​វិទ្យុ​សកម្ម​ វគ្គ​ហ្វឹក​ហ្វឺន​រយៈ​ពេល​ ០២​ថ្ងៃ​កន្លង​មក​ បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​ ហើយ​លេខា​​ធិកា​រ​ដ្ឋាន​​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ បាន​ប្រារព្ធ​ពិធី​បិទ​នៅ​រសៀល​ថ្ងៃទី​ ០៣​ ខែ​ មីនា​ ឆ្នាំ​ ២០១៥​​ នេះ​​ ។

ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​នេះ​ ឯកឧត្តម អ៊ុឹង អៀង សមាជិក​ ល.គ.ជ.ប.ភ​​ ក្នុង​នាម​ ឯកឧត្តមទេសរដ្ឋមន្រ្តី​ ឱម​​ ​​​យ៉ិន​​​​ទៀង​​ ​​ បាន​ថ្លែង​ការ​កោត​សរសើរ​ និង​ថ្លែង​អំណរ​គុណ​ ចំពោះ​ភាគី​សហគមន៍​អឺរ៉ុប​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ ដែល​បាន​ប្តេជ្ញា​ចិត្តខ្ពស់​ ចំពោះ​ការ​ចូល​រួម​ជា​មួយ​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​មាន​ សម្តេចអគ្គមហាសេនាបតីតេជោ​​ ហ៊ុន សែន​ ជា​នាយក​រដ្ឋ​មន្រ្តី​ ក្នុង​ការ​ចូលរួម​ជា​មួយ​ថ្នាក់​តំបន់​ និង​សកល​លោក​ ដើម្បី​បង្ការ​ ទប់​ស្កាត់​ ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​​នឹង​ការរត់​ពន្ធ​សារធាតុ​វិទ្យុ​សកម្ម​ និង​នុយ​ក្លេអ៊ែរ​ខុស​ច្បាប់​នេះ​ ហើយ​ឯកឧត្តម​ក៏ស្នើ​សុំ​កិច្ច​សហការ​បន្ថែម​ទៀត​ពីមន្ត្រី​គយ​ចំពោះ​ការ​ប្រើ​ប្រាស់​ឧបករណ៌​នេះ​ ប្រសិន​បើ​មាន​បញ្ហា​បច្ចេក​ទេស​ណា​មួយ​ សូម​រាយ​ការណ៍​មក​ លេខា​​ធិកា​រ​ដ្ឋាន​​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ ជា​ពិ​សេស​គឺ​ស្នើ​សុំ​ការ​ធ្វើ​របប​របាយ​ការណ៍​ប្រចាំ​ខែ​ទាក់​ទង​ទៅ​និង​ការ​ប្រើ​ប្រាស់​ឧបករណ៍​ទាំង​នេះ​ ។ ជា​ថ្មី​ម្តង​ទៀត​ ឯកឧត្តម អ៊ុឹង អៀង​ ក៏​បាន​ថ្លែង​ការ​អរគុណ​ចំពោះ​ថ្នាក់​ដឹក​នាំគយ​ តំ​ណាង​ពី​អាជ្ញាធរ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ ម្ចាស់​ជំនួយ​ និង​ក្រុម​ហ៊ុន​ខេម​ ដែល​បាន​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ​ប្រកប​​ដោយ​​ជោគ​ជ័យ​ ។​

គួរ​បញ្ជាក់​ថា​ នៅ​ក្នុង​ថ្ងៃទី​២​ នៃ​វគ្គ​ហ្វឹក​ហ្វឺន​នេះ​ សិក្ខា​កាម​ទាំង​អស់​បាន​ចូល​រួម​អនុវត្ត​លំហាត់​ជាក់​ស្តែង​ ដោយ​បែង​ចែក​ជា​ពីរ​ក្រុម​ ក្នុង​ការ​ប្រើ​ប្រាស់​ឧបករណ៍​រាវ​រក​សារ​ធាតុ​វិទ្យុ​សកម្ម​ ORTEC​ និង​ RIID​ ក្នុង​ការ​កំណត់​ទី​តាំង​រក​សារ​ធាតុ​វិទ្យុសកម្ម​ ។

មុន​និង​បញ្ចប់​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​នេះ​ គណៈ​អធិបតី​ តំណាង​លេខា​​ធិកា​រ​ដ្ឋាន​​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ បាន​ធ្វើ​ពិធី​ប្រគល់​ឧបករណ៍​រាវរក​សារ​ធាតុ​វិទ្យុ​សកម្ម​ គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង​ ពីរសែន​ដុល្លា​សហ​រដ្ឋ​អាមេរិក​ ជូន​ទៅ​តំណាង​មន្រ្តីគយ​ ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ ៕​

0201040503060708