ឧបករណ៍​រាវរក​សារធាតុ​វិទ្យុសកម្ម​ តម្លៃជិត​ ២០ ម៉ឺន​ដុល្លារ​ ត្រូវ​បាន​ប្រគល់​ជូន​សាខា​គយ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ខេត្ត​សៀម​រាប

0

សៀមរាប ៖ ឧបករណ៍​​រាវរក​សារធាតុ​​វិទ្យុ​សកម្ម​ដែល​មាន​​តម្លៃជិត​ ២០​ ម៉ឺនដុល្លារ​ ជា​អំណោយ​ឧបត្ថម​​របស់​សហ​គមន៍​អឺរ៉ុប​ តាមរយៈ​​លេខាធិ​ការ​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ ត្រូវ​បាន​ប្រគល់​ជូន​សាខា​គយ​ព្រលាន​យន្ត​ហោះ​អន្ត​រ​ជាតិ​ខេត្ត​សៀម​រាប​ ដើម្បី​យក​ទៅ​បំពាក់​នៅ​ព្រលាន​យន្ត​​ហោះ​អន្តរ​ជាតិ​​សៀមរាប​​ ។ ពិធី​ប្រគល់​ និង​ទទួល​ឧបកណ៍​នេះ ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ នា​រសៀល​ថ្ងៃទី​ ០៦​ ខែ​ មីនា​ ឆ្នាំ​២០១៥​ នៅ​សណ្ឋា​គារ​​អ៊ុឺម​​ព្រេស​អង្គរ​ខេត្ត​សៀមរាប​ ក្រោម​អធិប​តីភាព​ ឯកឧត្តម អ៊ុឹង អៀង​ សមាជិក ល.គ.ជ.ប.ភ​ តំណាង​ដ៏ខ្ពង់​ខ្ពស់​ ឯកឧត្តម​ទេសរដ្ឋ​មន្រ្តី​ ឱម​​ ​​​យ៉ិន​​​​ទៀង​​ ​​អនុប្រធាន​ ល.គ.ជ.ប.ភ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​មន្ត្រី​គយ​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​ខេត្ត​សៀមរាប​ អាជ្ញា​ធរ​ប្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​សៀមរាប​ តំណាង​ក្រុម​ហ៊ុន​ខេម​ និង​តំណាង​សហគមន៍​អឺរ៉ុប​ចូលរួម​ជា​ច្រើន​រូប​ផង​ដែរ​ ។​

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ និង​ទទួល​ឧបករណ៍​​រាវរក​សារធាតុ​​វិទ្យុ​សកម្ម​នេះ​ ឯកឧត្តម អ៊ុឹង អៀង​ បាន​មាន​ប្រ​សាសន៍​ថ្លែង​អំណរ​គុណ​ដល់​សហគមន៍​អឺរ៉ុប​ និង​ដៃគូរ​ពាក់​ព័ន្ធ​ទាំង​អស់​ ដែល​បាន​ចូលរួម​ឧបត្ថម​គាំ​ទ្រ​ធ្វើ​​ឲ្យ​សកម្ម​ភាព​នេះ​ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​​បន្ទាប់​ ។ ឯកឧត្តម​ បាន​បន្ត​ថា ​នេះជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​មាន​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​​ ហ៊ុន សែន​ ជា​នាយក​រដ្ឋ​មន្រ្តី​ បាន​ប្តេជ្ញា​ក្នុង​ការ​ចូល​រួម​ជា​មួយ​ថ្នាក់​តំប​ន់​ និង​សកល​លោក​ ដើម្បី​បង្ការ​ ទប់​ស្កាត់​ ប្រយុទ្ធ​ប្រ​ឆាំង​និង​ការ​រត់​ពន្ធ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​វិទ្យុ​សកម្ម​ នុយ​ក្លេអ៊ែរ​ និង​អំពើ​ភេរវ​កម្ម​ ។ ឯកឧត្តម​ ក៏បា​​ន​ស្នើ​សុំ​កិច្ច​សហ​ការ​បន្ថែម​ទៀត​ពីមន្ត្រី​គយ​ទាក់​ទង​និង​ការ​ប្រើ​ប្រាស់​ឧបករណ៍​ទាំង​​នេះ​ ប្រសិន​បើ​មាន​បញ្ហា​ណា​មួយ​សូម​រាយ​ការណ៍​មក ​លេខា​ធិកា​រដ្ឋាន​គណៈ​កម្មា​ធិការ​​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ ជា​ពិសេស​ស្នើ​សុំ​ឲ្យ​មាន​ការ​ធ្វើ​របប​របាយ​ការណ៍​ប្រ​ចាំខែ​ អំពី​ការ​ប្រើ​ប្រាស់​ឧបករណ៍នេះ​ ។

គួរ​បញ្ជាក់​ថា​ មុន​និង​ធ្វើ​ការ​ប្រគល់​ឧបករណ៍​​រាវរក​សារធាតុ​​វិទ្យុសកម្ម​នេះ ​លេខាធិកា​រដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ បាន​បើវគ្គ​ហ្វឹក​ហ្វឺន​រយៈ​ពេល​ ០២ថ្ងៃ​ (០៥-០៦ ​ខែ មីនា​ ឆ្នាំ​​២០១៥) ជូន​ដល់​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់​ ដោយ​មាន​ការ​ចូល​រួម​សម្រប​សម្រួល​ និង​ធ្វើ​បទ​បង្ហាញ​ពី​តំណាង​សហគមន៍​អឺរ៉ុប​ ស្តី​អំពី​បច្ចេក​ទេស​ និង​របៀប​នៃ​ការ​ប្រើ​ប្រាស់​ព្រម​ជា​មួយ​ការ​អនុវត្ត​លំហាត់​ជាក់​ស្តែង​ទៅ​លើ​ឧបករណ៍​ទាំង​នេះ​ផង​ដែរ​ ៕

01 02 03 04 05 06