សៀមរាប ៖ ព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៥ នេះ នៅសណ្ឋាគារសុខា ខេត្តសៀមរាប បានរៀបចំបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី សន្តិសុខ សុវត្តិភាព សារធាតុវិទ្យុសកម្ម នុយក្លេអ៊ែរ សំរាប់មន្រ្តីជាន់ខ្ពស់ ដែលមានរយៈពេល ០៤ថ្ងៃ គឺចាប់ពីថ្ងៃទី ១០-១៣ ខែ មីនា ឆ្នាំ ២០១៥ ដោយមានការឧបត្ថមពី ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរ អង្គការសហប្រជាជាតិ (IAEA) និងសហគមន៍អឺរ៉ុប Center of Excellence ក្រោមការសម្របសម្រួលដោយ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ) ។
អញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងសិក្ខាសាលានេះ រួមមាន ឯកឧត្តម អ៊ុឹង អៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធាន លេខាធិការដ្ឋាន គ.ជ.ប.ភ និងមានការចូលរួមពីខាងតំណាងភាគីជាតិ ក្នុងនោះមានក្រសួងរ៉ែ និងថាមពល, ក្រសួងបរិស្ថាន, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករ), អាជ្ញាធរជាតិគីមី (CBRN), លេខាធិការដ្ឋាន គ.ជ.ប.ភ ដោយឡែកខាងភាគីអន្តរជាតិ មានការចូលរួមពីតំណាងទីភ្នាក់ងារថាមពលនុយក្លេអ៊ែរ អង្គការសហប្រជាជាតិ (IAEA), តំណាងគំរោងទី២៨ របស់សហគមន៍អឺរ៉ុប, តំណាងស្ថានទូតសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា និងប្រទេសម៉ាឡេស៊ី ។
ឯកឧត្តម អ៊ុឹង អៀង បានមានប្រសាសន៍ថា សិក្ខាសាលារយៈពេល ០៤ថ្ងៃនេះ គឺដើម្បីលើកកំពស់សមត្ថភាពមន្រ្តីជាន់ខ្ពស់តាមស្ថាប័នដែលពាក់ព័ន្ធឲ្យបានយល់ដឹងកាន់តែច្បាស់ សំដៅចូលរួមចំណែកអនុវត្តគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល និងការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយតំបន់ និងសកលលោក ក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធដោយខុសច្បាប់ នូវសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរ ក៏ដូចជាសន្តិសុខ សុវត្ថិភាពនុយក្លេអ៊ែរ វិទ្យុសកម្ម ។
ឯកឧត្តម មានប្រសាសន៍បន្តទៀតថា កន្លងមកនេះលេខាធិការដ្ឋាន គ.ជ.ប.ភ បានធ្វើការសម្របសម្រួលដោយបង្កើតឲ្យមានវគ្គហ្វឹកហ្វឺនជាច្រើនរួចមកហើយលើការងារនេះ ដូចជានៅកំពង់ស្វ័យយ័តខេត្តព្រះសីហនុ ជាជំនួយឧបត្ថមពីសហរដ្ឋអាមេរិក នៅកំពង់ស្វ័យយ័តភ្នំពេញ ជាជំនួយរួមគ្នារវាងសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ជាជំនួយរបស់សហគមន៍អឺរ៉ុប ដោយបានធ្វើការហ្វឹកហ្វឺនតាមរយៈការធ្វើបទបង្ហាញ ក៏ដូចជាការអនុវត្តលំហាត់ជាក់ស្តែងស្តីពីបច្ចេកទេស និងការប្រើប្រាស់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម ជូនដល់មន្រ្តីនៅតាមស្ថាប័នដែលពាក់ព័ន្ធ និងបានធ្វើការប្រគល់ឧបករណ៍ទាំងនោះ ដើម្បីយកទៅបំពាក់នៅតាមទីតាំងសំខាន់ៗទាំងអស់នោះផងដែរ ៕