ភ្នំពេញ ៖ កិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ មីនា ឆ្នាំ ២០១៥ របស់នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានប្រារព្ធធ្វើឡើងនាវេលាម៉ោង ០៨:៣០ នាទី ព្រឹកថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៥ ដោយមានការអញ្ជើញចូលរួមពីលោក សរ សេរីវិចិត្រ ប្រធាននាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ, លោក ឈុន សុជាតិ អនុប្រធាននាយកដ្ឋាន និងមានការអញ្ជើញចូលរួមពីលោកប្រធាន/អនុប្រធានការិយាល័យ, មន្រ្តី បុគ្គលិក ជាច្រើនរូបផងដែរ ។
ជាកិច្ចចាប់ផ្តើម លោកប្រធានអង្គប្រជុំ បានមានប្រសាសន៍សួរសុខទុក្ខដល់មន្រ្តី បុគ្គលិក ពីការលំបាក និងបញ្ហាប្រឈមនានាក្នុងខែកន្លងទៅ ក៏ដូចជាដើម្បីសម្រេចនូវភារកិច្ចការងារថ្មីៗបន្តទៀត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ លោកប្រធាននាយកដ្ឋាន បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញការងារដល់មន្រ្តីទាំងអស់ ត្រូវរួមសហការ សាមគ្គីគ្នាជាធ្លុងមួយ ក្នុងការបំពេញការងារឲ្យទទួលបានជោគជ័យ ស្របតាមផែនការសកម្មភាពឆ្នាំ ២០១៥ ដើម្បីជាស្នាដៃ និងកិត្តិយសរបស់នាយកដ្ឋានទាំងមូលផងដែរ ហើយលោកក៏បានធ្វើការកោតសរសើរខ្ពស់ ដល់មន្រ្តីបុគ្គលិកដែលបានខិតខំបំពេញការងារដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់នាពេលកន្លងមក ដោយត្រូវបន្ត និងបង្កើនការខិតខំបន្ថែមទៀត ។
លោកប្រធាននាយកដ្ឋាន ក៏បានស្នើដល់សមាជិកនៃអង្គប្រជុំទាំងអស់ លើកឡើងពីបញ្ហាប្រឈម រួមទាំងចំណុចខ្លាំង ចំណុចខ្សោយ ក្នុងការអនុវត្តការងារ ដើម្បីឲ្យអង្គប្រជុំធ្វើការដំណោះស្រាយរួមគ្នា ។
មានមតិចូលរួមក្នុងកិច្ចប្រជុំនេះ លោក ម៉ី សាម៉ុន ប្រធានការិយាល័យសមយុទ្ធ បានចែករំលែកនូវចំណេះដឹងពីការសិក្សាក្នុងសិក្ខាសាលា អំឡុងពេលដែលលោកបានអញ្ជើញទៅចូលរួមនៅប្រទេសឥណ្ឌូនេស៊ី នាពេលកន្លងមកថា ពិតជាមានសារៈសំខាន់ណាស់ ព្រោះបានចែករំលែកការយល់ដឹង និងទទួលបទពិសោធន៍ល្អៗពីបណ្តាប្រទេសផ្សេងៗលើពិភពលោក ។
ក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋាន ក៏បានស្នើឲ្យប្រធាន អនុប្រធានការិយាល័យ, មន្រ្តីបុគ្គលិកទាំងអស់ត្រៀមខ្លួនដើម្បីចុះបំពេញបេសកកម្មការងារនៅខេត្តព្រះសីហនុ និងបន្តការសិក្សាស្រាវជ្រាវចំណេះដឹងពាក់ព័ន្ធនឹងក្រុមភេរវករ និងព្រឹត្តិការណ៍ភេរវកម្មដែលកើតមានឡើងថ្មីៗនៅជុំវិញពិភពលោក ជាពិសេសក្រុមឥស្លាមនិយមជ្រុល ISIS និងក្រុមផ្សេងៗទៀត ដើម្បីយកមកធ្វើបទបង្ហាញតាមក្រុមនីមួយៗរៀងរាល់សប្តាហ៍ ។
កិច្ចប្រជុំបានបញ្ចប់ នៅវេលាម៉ោង ១០: ០០ នាទី ថ្ងៃដដែល ដោយក្តីសោមនស្សរីករាយ និងសាមគ្គីភាព ៕