ព្រះវិហារ ៖ មានប្រសាសន៍សំណេះសំណាលទៅកាន់កងទ័ព និងគ្រួសារកងទ័ព ក្នុងកងពលធំអន្តរាគមន៍លេខ៣ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានមានប្រសាសន៍ថា ‘’បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែទម្រង់ដោយប្តូរទស្សនៈ រវាងអ្នកគ្រប់គ្រង និងអ្នកដែលត្រូវគេគ្រប់គ្រង ដោយឯកឧត្តមបានលើកជាឧទាហរណ៍ពីស្ថាប័នស៊ីវិលថា ពីមុនទំនាក់ទំនងរវាងអ្នកគ្រប់គ្រង និងអ្នកដែលត្រូវគេគ្រប់គ្រង វាហាក់បីដូចជាចៅហ្វាយ និងសេនាធិការ ប៉ុន្តែឥឡូវគឺអត់ទេ អ្នកគ្រប់គ្រងគឺជាអ្នកផ្តល់សេវាឲ្យថ្នាក់ក្រោម’’។ ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍បន្តថា ‘’ដោយឡែកផ្នែកកងទ័ព គឺមានវិន័យរបស់កងទ័ព គឺគោរពថ្នាក់លើ ស្រឡាញ់ថ្នាក់ស្មើ ថែទាំថ្នាក់ក្រោម’’ ។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានដឹកនាំគណៈប្រតិភូ អង្គភាពប្រឆាំងអំពើពុករលួយ, លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម, គណៈកម្មាការសិទ្ធិមនុស្សកម្ពុជា និងយុវជនក្រុម ១២ ចុះសួរសុខទុក្ខកងទ័ព និងគ្រួសារកងទ័ព ក្នុងកងពលធំអន្តរាគមន៍លេខ៣ ទិសប្រាសាទព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៥ ។
តាមរបាយការណ៍របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសប្រាសាទព្រះវិហារ បានឲ្យដឹងថា កងកម្លាំងដែលកំពុងឈរជើងការពារខែ្សត្រៀមជួរមុខ បានត្រៀមលក្ខណៈប្រយុទ្ធគ្រប់ពេលវេលា ពិសេសបានបង្កើនការយកចិត្តទុកដាក់ ថែទាំអាវុធ យុទ្ធភ័ណ្ឌ និងគ្រឿងបំពាក់លេនដ្ឋានគ្រប់ប្រភេទ និងបានចេញល្បាតតាមភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួនជាប់ជាប្រចាំ និងខិតខំរក្សា បង្កើនទំនាក់ទំនងបានល្អជាមួយកម្លាំងទាហានថៃ ដែលឈរជើងទល់មុខ ដើម្បីបញ្ជៀសឲ្យបាននូវរាល់សកម្មភាពទាំងឡាយណា ដែលនាំឲ្យឈានទៅរកការប្រឈមមុខដាក់គ្នាដោយកម្លាំងអាវុធ ។ តាមរយៈសកម្មភាពទាំងនេះហើយ បានធ្វើឲ្យសភាពការតាមព្រំដែនដែលធ្លាប់ប្រឈមមុខដាក់គ្នាដោយសារការរំលោភបំពាន បច្ចុប្បន្នបាននិងកំពុងតែប្រែក្លាយជាព្រំដែនមួយដែលមានសុខសន្តិភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ឯកឧត្តមឧត្តមសេនីយ៍ឯក មានប្រសាសន៍បន្តថា ដោយមានការយកចិត្តទុកដាក់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឲ្យជីវភាពរបស់គ្រួសារកងទ័ពមានការផ្លាស់ប្តូរ តាមរយៈការផ្តល់កម្មសិទ្ធដីធ្លី ទន្ទឹមនិងនោះសម្តេច ក៏បានជំរុញឲ្យធនាគារអភិវឌ្ឍន៍ជនបទផ្តល់ប្រាក់កម្ចី ក្នុងអាត្រាការប្រាក់ទាប និងបានជំរុញឲ្យក្រុមហ៊ុន ម៉ែន សារុន ផ្តល់ប្រាក់កម្ចីជូនគ្រួសារកងទ័ព ដោយមិនយកការប្រាក់ ដើម្បីឲ្យគ្រួសារកងទ័ព មានលទ្ធភាពយកទៅបង្កើតសហគមន៍គ្រួសារ និងការបង្កបង្កើនផលឲ្យកាន់តែមានភាពប្រសើរឡើង ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង និងគណៈប្រតិភូទាំងអស់ ដែលតែងតែនឹករលឹក យកចិត្តទុកដាក់ និងនាំយកអំណោយសួរសុខទុក្ខដល់កងទ័ព និងគ្រួសារកងទ័ពទាំងអស់ដែលកំពុងឈរជើងនៅទីនេះ ។
គួរបញ្ជាក់ថា ចំពោះអំណោយដែលគណៈប្រតិភូនាំមកជូនកងទ័ព និងគ្រួសារកងទ័ពនៅពេលនេះមានគ្រឿងឧបភោគ បរិភោគ និងសំភារៈប្រើប្រាស់ដែលគិតជាថវិកាប្រមាណជា ៩ម៉ឺនដុល្លាសហរដ្ឋអាមេរិក ៕