ភ្នំពេញ ៖ នៅវេលាម៉ោង ០៣:០០ រសៀល ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៥ នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា នៃលេខាធិការដ្ឋានគណៈកម្មាធិការប្រឆាំងភេរវកម្ម បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ នៅទីតាំងអគ្គស្នងការនគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុឹង អៀង សមាជិក ល.គ.ជ.ប.ភ និងលោក ប៉ិល ច័ន្ទវីរៈ ប្រធាននាយកដ្ឋាន ដោយមានការចូលរួមពី លោកប្រធាន/អនុប្រធានការិយាល័យទាំង៤ និងមន្រ្តីបុគ្គលិកនៅក្នុងនាយកដ្ឋានជាច្រើនរូបផងដែរ ។
ក្នុងរបៀបវារៈចំនួន០២ ដែលទី១ សកម្មភាពអនុវត្តការងារកន្លងមក និងទី២ ទិសដៅផែនការដែលត្រូវអនុវត្តបន្ត ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ ។ បន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផលការងារដែលរាយការណ៍ជូនដោយលោកប្រធាននាយកដ្ឋានរួចមក ឯកឧត្តម អ៊ឹង អៀង បានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខដល់មន្រ្តីបុគ្គលិកនៅក្នុងនាយកដ្ឋានទាំងអស់ ឲ្យបន្តការខិតខំអនុវត្តការងារដែលនៅសេសសល់ឲ្យកាន់តែសកម្មថែមទៀត ដើម្បីឈានទៅអនុវត្តការងារថ្មីៗដែលថ្នាក់លើបានដាក់ឲ្យអនុវត្ត ។ ឯកឧត្តម បានសង្កេតឃើញថា បច្ចុប្បន្ននេះគេហទំព័ររបស់ NCTC បានកែប្រែខ្លឹមសារអត្ថបទកាន់តែប្រសើរមួយកំរិតទៀត ទន្ទឹមនិងនេះឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើរទៅកាន់មន្រ្តីនៅក្នុងនាយកដ្ឋានទាំងអស់ ត្រូវស្រឡាញ់ការងារ និងប្រឹងប្រែងធ្វើការងាររួមគ្នា ដើម្បីសំរេចបានលទ្ធផលល្អសំរាប់នាយកដ្ឋានផ្ទាល់ ក៏ដូចជាដើម្បីលេខាធិការដ្ឋានទាំងមូលផងដែរ ។
កិច្ចប្រជុំនេះ បានបញ្ចប់ទៅនៅវេលាម៉ោង ០៤:៣០ រសៀល ថ្ងៃដដែល ប្រកបដោយភាពស្និតស្នាល និងទទួលខុសត្រូវខ្ពស់ ៕