ភ្នំពេញ ៖ ថ្ងៃ០២ ខែមិថុនា ឆ្នាំ២០១៥ នៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ទីតាំងមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង បានបើកវគ្គបណ្តុះបណ្តាលមួយស្តីពី គោលការណ៏ណែនាំការវាយតំលៃ ហានិភ័យសន្តិសុខ ដែលឧទ្ទេសដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម នាន សមាជិក ល.គ.ជ.ប.ភ ដែលវគ្គបណ្តុះបណ្តាលនេះមានរយៈពេល០២សប្តាហ៍ និងមានការចូលរួមពីមន្រ្តី មកពី នាយកដ្ឋានចារកម្ម និងស៊ើបអង្កេត (DII), នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ (DIP), និងនាយកដ្ឋានពិសេស (SD) មានសិក្ខាកាមសរុបចំនួន ៤៩នាក់ ។
វគ្គបណ្តុះបណ្តាលនេះ ផ្តោតទៅលើដំណើរការនៃការវាយតម្លៃហានិភ័យសន្តិសុខ ដែលត្រូវអនុវត្តជា៧ជំហាន ដែលសុទ្ធតែជាជំហានដ៏មានសារៈសំខាន់នៅក្នុងដំណើរការទាំងមូល នៃការរៀបចំការការពារ ការឆ្លើយតប និងការស្តារឡើងវិញ ។ បន្ថែមពីលើនេះទៀត សិក្ខាកាមក៏និងត្រូវទទួលបានចំណេះដឹង អំពីរបៀបសរសេររបាយការណ៍វាយតម្លៃហានិភ័យសន្តិសុខ សំរាប់រាយការណ៍ជូនថ្នាក់ដឹកនាំផងដែរ ។
សំរាប់ថ្ងៃបើកវគ្គដំបូងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម នាន សមាជិក ល.គ.ជ.ប.ភ និងជាគ្រូឧទ្ទេសនាមក្នុងវគ្គនេះ បានថ្លែងអំណរគុណដល់គ្រប់នាយកដ្ឋានជំនាញទាំងអស់ ដែលបានយកចិត្តទុកដាក់លើការងារបណ្តុះបណ្តាលមន្រ្តី ព្រមទាំងបានបញ្ចូនមន្រ្តីនៃនាយកដ្ឋានរបស់ខ្លួន មកចូលរួមក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ឯកឧត្តមក៏បានស្នើឲ្យមន្រ្តីដែលជាសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់សិក្សាលើវគ្គបណ្តុះបណ្តាលនេះ និងស្នើសុំឲ្យមានការពិភាក្សាគ្នា និងលើកជាសំនួរឲ្យបានផុសផុលផងដែរ ៕