ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង ៨:៣០នាទីព្រឹក នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ នៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានបើកកិច្ចប្រជុំផ្ទៃក្នុង ដឹកនាំដោយ ឯកឧត្តម សរ សិរីវិចិត្រ សមាជិក ល.គ.ជ.ប.ភ និងជាប្រធាននាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន អស់លោកជាប្រធាន/អនុប្រធានការិយាល័យ និងមន្រ្តីទាំងអស់ ។ បន្ទាប់ពីមតិស្វាគមន៍រួចមក ឯកឧត្តម ប្រធាននាយកដ្ឋាន បានអនុញ្ញាតឲ្យ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យនីមួយៗរាយការណ៏ពីកិច្ចការងារដែលបានអនុវត្តកន្លងមក។ លោក ពៅ វិទូ អនុប្រធាននាយកដ្ឋាន បានរាយការណ៏ពីលទ្ធផលកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ កន្លងមក ស្តីពីការត្រៀមចុះបំពេញការងារស្រាវជ្រាវ និងប្រមូលទិន្នន័យព័ត៌មាន ទាក់ទងនឹងគោលដៅរឹង និងគោលដៅទន់ នៅក្នុងខេត្តព្រះសីហនុ និងលើកជាសំណូមពរដល់ថ្នាក់ដឹកនាំនាយកដ្ឋាន ពិចារណាអំពីការរៀបចំកសាងកម្មវិធីគ្រប់គ្រង (Database) ប្លង់ហេដ្ឋារចនាសម្ព័ន្ធដែលប្រមូលមកបាន ដើម្បីរក្សាទុក និងគ្រប់គ្រងក្នុង Database នោះ។ លោក ប៊ុន ហេង ប្រធានការិយាល័យហេដ្ឋាទី២ និងជាប្រធានក្រុមគោលដៅទន់ បានលើកជាសំណូមពរ ពាក់ព័ន្ធនឹងមធ្យោបាយធ្វើដំណើរក្នុងកិច្ចប្រតិបត្តិការ ជូនថ្នាក់ដឹកនាំនាយកដ្ឋាន ពិនិត្យនិងសម្រេច ។ លោក ហេង ឆៃវណ្ណ ប្រធានការិយាល័យហេដ្ឋាទី៣ និងជាប្រធានក្រុមគោលដៅរឹង បានលើកជាសំណូមពរ ពាក់ព័ន្ធនឹងការកំណត់ប្រតិបត្តិការថា តើយើងគួរយកគោលដៅថ្មី ឬធ្វើបន្តលើគោលដៅដែលមានស្រាប់? លោក ង៉ោ វីរ៉ាវុធ អនុប្រធានការិយាល័យហេដ្ឋាទី១ បានលើកឡើងពីអនុសាសន៍របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក គឹម នាន ថា ក្រុមការងារទាំងអស់ត្រូវចេះកំណត់គោលដៅជាក់លាក់ ចេះច្បិចយកព័ត៌មានសំខាន់ៗ (ទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន) របស់គោលដៅ ។ លោក ជា ហេង អនុប្រធានការិយាល័យ និងជាអនុប្រធានក្រុមគោលដៅឥស្លាម បានលើកជាសំណូមពរក្នុងការរៀបចំ Database សម្រាប់ចងក្រងរក្សាទុកឯកសារចាំបាច់មួយចំនួនផងដែរ ។ ក្រោយពីបានស្តាប់របាយការណ៍ និងសំណូមពររបស់ក្រុមការងារគោលដៅរួចមក ឯកឧត្តមប្រធាននាយកដ្ឋាន បានមានប្រសាសន៍ឆ្លើយតបថា ចំពោះបញ្ហាមធ្យោបាយធ្វើដំណើរពេលចុះប្រតិបត្តិការ គឺត្រូវប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ដោយអង្គភាពចេញសោយហ៊ុយប្រេងឥន្ធនៈ តាមគោលការណ៏ដែលរដ្ឋបានកំណត់ ។ ចំពោះការកំណត់ដែនប្រតិបត្តិការ គឺរង់ចាំអនុសាសន៍របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក គឹម នាន នៅកិច្ចប្រជុំពេលរសៀល ។ រីឯការស្នើសុំរបស់ លោក ពៅ វិទូ និង លោក ជា ហេង ឲ្យមានការធ្វើ Database ដើម្បីគ្រប់គ្រង គឺពិតជាការល្អប្រសើរណាស់ ព្រោះងាយស្រួលរក និងសុវត្ថិភាពផង ក៏ដូចជាការគាំទ្រឲ្យមានការសិក្សាលើបញ្ហានេះ និងលើកគម្រោងចំណាយភ្ជាប់មកជាមួយផងដែរ ។ ឯកឧត្តមប្រធាននាយកដ្ឋាន ក៏បានមានប្រសាសន៍ផ្តាំផ្ញើរ និងជូនពរដល់ក្រុមការងារបេសកកម្មនៅខេត្ត ព្រះសីហនុ ឲ្យទទួលបានជោគជ័យល្អប្រសើរក្នុងកិច្ចប្រតិបត្តិការ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ។ កិច្ចប្រជុំនេះ បានបញ្ចប់នៅវេលាម៉ោង ១០:៣០ នាទី ប្រកបដោយសាមគ្គីភាព និងរីករាយបំផុត ៕