ព្រះសីហនុ ៖ នាព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០១៥ វេលាម៉ោង ០៨:៣០នាទី នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ទោ ស សេរីវិចិត្រ សមាជិក ល.គ.ជ.ប.ភ និងជាប្រធាននាយកដ្ឋាន លោក ពៅ វិទូ អនុប្រធាននាយកដ្ឋាន បានជួបប្រជុំជាមួយ ឯកឧត្តមឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក គឹម នាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ ដោយមានការអញ្ជើញចូលរួមពីអស់លោកប្រធាន/អនុប្រធានការិយាល័យ និងក្រុមការងារបេសកកម្មគោលដៅខេត្តព្រះសីហនុ ជាច្រើនរូបទៀត ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧត្តមសេនីយ៍ឯក គឹម នាន បានធ្វើការសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងបានថ្លែងអំណរគុណដល់លោកស្នងការ ដែលបានទទួលរាក់ទាក់ និងកិច្ចសហការល្អជាមួយក្រុមការងារនាយកដ្ឋានការពារហេដ្ឋានរចនាសម្ព័ន្ធ នៃ ល.គ.ជ.ប.ភ ដោយបានរៀបចំឲ្យមានកិច្ចប្រជុំនៅថ្ងៃនេះ ដើម្បីចុះស្រាវជ្រាវលើគោលដៅភូមិសាស្ត្រ និងវិភាគហានីភ័យមុនពេលកើតហេតុ ដែលមានក្រុមការងារ ០៣ក្រុម គឺ ក្រុមគោលដៅទន់ ក្រុមគោលដៅរឹង និងក្រុមគោលដៅសាសនិកឥស្លាម ដោយធ្វើការប្រមូលព័ត៌មានសន្តិសុខ ប្លង់ផែនទី រូបថត និងឯកសារពាក់ព័ន្ធផ្សេងៗ ដើម្បីចងក្រងជាប្រព័ន្ធព័ត៌មាន និងឯកសាររឹង ងាយស្រួលដល់ការការពារមុនពេលកើតហេតុ វាយតំលៃហានីភ័យមុនពេលកើតហេតុ និងងាយស្រួលក្នុងពេលប្រតិបត្តការប្រឆាំងភេរវកម្ម ។ ក្នុងឱកាសនោះដែរ លោកស្នងការខេត្ត បានថ្លែងអំណរគុណ និងគាំទ្រដល់ក្រុមការងារទាំងអស់ដែលបានចុះបំពេញបេសកកម្មស្រាវជ្រាវគោលដៅក្នុងខេត្តព្រះសីហនុ ដោយបានរួមចំណែកដ៏ធំសម្រាប់ការការពារសន្តិសុខ និងការប្រឆាំងភេរវកម្ម ហើយលោកបានលើកឡើងពីបញ្ហាប្រឈមការលំបាកផ្សេងៗដែលបានជួបប្រទះ ដោយសាររូបលោកជាស្នងការថ្មីដែលទើបតែកាន់តំណែង ចំពោះការងារគ្រប់គ្រងភូមិសាស្ត្រគឺមានលក្ខណៈស្មុគស្មាញ ដោយស្នងការដ្ឋានបានធ្វើការបែងចែកជា០៣ គឺដីគោក ដែនទឹក និងដែនកោះ តែវិសាលភាពគ្រប់គ្រងមានតែដែនដីគោកទេ ។ ដែនទឹក និងដែនកោះ កម្លាំងនគរបាលនៃស្នងការដ្ឋានមិនមានលទ្ធភាពគ្រប់គ្រាន់ឡើយ ដែលក្នុងនោះកោះ២ ក្នុងចំណោមកោះទាំង៣២ មានកម្លាំងល្បាតរបស់យើង គឺកោះរ៉ុង មានសមត្ថកិច្ចនគរបាល ០៦នាក់ និងកោះរ៉ុងសន្លឹម មានកម្លាំងចំននួ ០៥នាក់ ។ បញ្ហាប្រឈមខ្លាំងដែលជាការព្រួយបារម្មណ៍របស់នគរបាលខេត្ត គឺបញ្ហាគ្រឿងញៀន និងការគ្រប់គ្រងជនបរទេស ។ លោកស្នងការបន្តថា នឹងចាត់តាំងប្រធានការិយាល័យ និងមន្រ្តី ដើម្បីចូលរួមសហការជាមួយក្រុមការងារគោលដៅ ក្នុងការសម្របសម្រួលអោយដំណើរការស្រាវជ្រាវមានភាពងាយស្រួលថែមទៀត ។ នៅចុងបញ្ចប់ ឯកឧត្តមឧត្តមសេនីយ៍ឯក គឹម នាន បានផ្តាំផ្ញើរ និងសំណូមពរដល់កងកម្លាំង និងក្រុមការងារទាំងអស់ត្រូវរួមសហការគ្នា សាមគ្គីគ្នា ដើម្បីសម្រេចជោគជ័យលើបេសកកម្មនេះ ដែលជាប្រយោជន៍រួមដល់មូលដ្ឋាន និងសង្គមជាតិទាំងមូល ។ ឯកឧត្តមបានមានប្រសាសន៍គូសបញ្ជាក់ថា គ្មានអ្នកណាពូកែជាងអ្នកណាទេ សំខាន់ត្រូវចេះចែករំលែកចំណេះដឹង និងជួយគ្នាទៅវិញទៅមក ។
កិច្ចប្រជុំនេះ បានបញ្ចប់នៅវេលាម៉ោង ១០:១៥នាទី ថ្ងៃដដែល ប្រកបដោយសាមគ្គីភាព និងរីករាយបំផុត ៕