ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៥ វេលាម៉ោង ០៨:៣០នាទី នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ទោ សរ សេរីវិចិត្រ សមាជិកលេខាធិការដ្ឋាន គ.ជ.ប.ភ និងជាប្រធាននាយកដ្ឋាន លោក ឈុន សុជាតិ លោក គឹម ម៉ាក្សសី និងលោក ពៅ វិទូ អនុប្រធាននាយកដ្ឋាន បានរៀបចំកិច្ចប្រជុំមួយ ដើម្បីធ្វើការបូកសរុបលទ្ធផលការងារចុះបេសកកម្មគោលដៅទន់ គោលដៅរឹង នៅក្នុងខេត្តព្រះសីហនុ កាលពីពេលថ្មីៗកន្លងមកនេះ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ឯក គឹម នាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ និងមានការចូលរួមពី លោកប្រធាន/អនុប្រធានការិយាល័យ ប្រធាន/អនុប្រធានក្រុមការងារគោលដៅ សមាជិក បុគ្គលិកទាំងអស់របស់នាយកដ្ឋានផងដែរ ។ បន្ទាប់ពីការសំណេះសំណាលសួរសុខទុក្ខដល់មន្ត្រីទាំងអស់រួចមក ឯកឧត្តមឧត្តមសេនីយ៍ឯក គឹម នាន បានមានប្រសាសន៍លើកឡើងដាច់ដោយឡែកថា ដើម្បីចូលរួមជាយោបល់មកថ្នាក់នាយកដ្ឋាន ក្នុងការរៀបចំរចនាសម្ព័ន្ធ បែងចែងតួនាទីភារកិច្ច និងបទបញ្ជាផ្ទៃក្នុងឲ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និង ទំនួលខុសត្រូវតាមការិយាល័យនីមួយៗកាន់ល្អប្រសើរថែមទៀត ។ ជាការឆ្លើយតប ឯកឧត្តមប្រធាននាយកដ្ឋាន បានសម្រេចកំណត់ឲ្យមានរបបប្រជុំឲ្យបានទៀតទាត់ក្នុង១ខែម្តង ជាមួយអនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ និង កំណត់យកសប្តាហ៍ទី៣ ធ្វើការប្រជុំផ្ទៃក្នុងប្រចាំខែ ។ ឯកឧត្តមប្រធាននាយកដ្ឋាន ក៏បានស្នើឲ្យប្រធានក្រុមការងារដែលបានចុះបេសកកម្មស្រាវជ្រាវគោលដៅនៅក្នុងខេត្តព្រះសីហនុ រាយការណ៍ពីលទ្ធផលការងាររបស់ក្រុមខ្លួនជូនដល់អង្គប្រជុំ ។
លោក ប៊ុន ហេង ប្រធានក្រុមគោលដៅទន់ (គោលដៅងាយរងគ្រោះ) បានរាយការណ៍ពីលទ្ធផលនៃការស្រាវជ្រាវ និងប្រមូលព័ត៌មាន បានចំនួន ០៥គោលដៅ គឺនៅឆ្នេរអូរឈើទាល ឧត្តុនិយម (បារបារាំង) ទំនប់រលក ភូមិថ្មី និងភ្នំខៀវ ដែលមានសកម្មភាពពាក់ព័ន្ធច្រើនទៅនឹងភ្ញៀវទេសចរណ៍អន្តរជាតិ និងគ្រឿងញៀន ។
លោក ហេង ឆៃវ៉ាន់ ប្រធានក្រុមការងារគោលដៅរឹង (គោលដៅមានការការពាររឹងមាំ ឬស្ថាប័នស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល) លទ្ធផលនៃការស្រាវជ្រាវរ គឺបានចំនួន ៣៦គោលដៅ សុទ្ធសឹងជាស្ថាប័នក្រោមការគ្រប់គ្រងរបស់រដ្ឋ ដូចជា សាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រលានយន្តហោះ ។ ក្រោយពីបានពិនិត្យលើឯកសារ និងស្តាប់ការរាយការណ៍ផ្ទាល់របស់ក្រុមគោលដៅទាំង០២ រួចមក ឯកឧត្តមអនុប្រធានលេខាធិការដ្ឋាន និងឯកឧត្តមប្រធាននាយកដ្ឋាន បានធ្វើការវាយតម្លៃខ្ពស់ចំពោះស្នាដៃនៃការខិតខំប្រឹងប្រែង ដើម្បីបានជាលទ្ធផលល្អប្រសើរនេះ ហើយឯកឧត្តម ក៏បានស្នើឲ្យក្រុមការងារនេះ ត្រៀមខ្លួនបំពេញការងារដែលនៅសេសសល់ជាបន្តបន្ទាប់ទៀត ដើម្បីសម្រេចបានទាំងស្រុងនូវលទ្ធផល១០០% និងចងក្រងធ្វើជាឯកសារគោលប្រើប្រាស់ក្នុងនាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ ។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១៣:៣០នាទី ដោយលទ្ធផលផ្លែផ្កា និងខ្លឹមសារសំខាន់ៗ ព្រមជាមួយនិងការទទួលទានអាហារថ្ងៃត្រង់ក្នុងសាមគ្គីភាពរីករាយ ៕