ភ្នំពេញ ៖ ជាធម្មតារៀងរាល់ខែនីមួយៗ នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធតែងតែរៀបចំកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួនជានិច្ចដើម្បីបូកសរុបការងារប្រចាំខែ និងដាក់គោលដៅផែនការសកម្មភាពខែបន្ទាប់ៗទៀត ជាក់ស្តែងកាលពីព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៥ វេលាម៉ោង ០៨:៣០នាទី នាយកដ្ឋានបានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ស សេរីវិចិត្រ សមាជិកលេខាធិការដ្ឋាន និងជាប្រធាននាយកដ្ឋាន, លោក ឈុន សុជាតិ, លោក គឹម ម៉ាក្សសី និងលោក ពៅ វិទូ អនុប្រធាននាយកដ្ឋាន និងមានការអញ្ជើញចូលរួមពីអស់លោកប្រធាន/អនុប្រធាការិយាល័យមន្ត្រី បុគ្គលិករបស់នាយកដ្ឋានជាច្រើនរូបទៀត។ បន្ទាប់ពីមានមតិស្វាគមន៍ និងសំណេះសំណាលសួរសុខទុក្ខក្នុងពេលបើកអង្គប្រជុំរួចមក ឯកឧត្តមប្រធានអង្គប្រជុំបានដាក់ចេញនូវរបៀបវារៈសំខាន់ៗ ដើម្បីប្រជុំពិភាក្សានាព្រឹកនេះគឺ
ទី១.ការបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា
ទី២.ការរៀបចំបែងចែករចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ការិយាល័យនីមួយៗ
ទី៣.ការរៀបចំផែនការទិសដៅសកម្មភាពការងារបន្ត
ឯកឧត្តមប្រធាន មានប្រសាសន៍ ពាក់ព័ន្ធនឹងការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ គឺរាល់សំណើរសម្ភារប្រើប្រាស់ចាំបាច់របស់ការិយាល័យ សូមធ្វើរបាយការណ៍មកលោកអនុប្រធាន ឬប្រធាននាយកដ្ឋាន ដើម្បីបំពេញតាមតម្រូវការជាក់ស្តែង ហើយចំពោះបញ្ហាសុវត្ថិភាព ឬសុខភាពរបស់មន្រ្តីបុគ្គលិកទាំងអស់ ឯកឧត្តម គឹម នាន អនុប្រធានលេខាធិការដ្ឋាននៃ គ.ជ.ប.ភ បានឯកភាពផ្តល់នូវកញ្ចប់ថវិការចំនួន១លានរៀល សម្រាប់ដោះស្រាយក្នុងមួយខែ ។ បន្ថែមលើបញ្ហានេះ គឺប្រធានការិយាល័យនីមួយៗត្រូវធ្វើផែនការសកម្មភាព ប្រចាំខែ ប្រចាំឆ្នាំ ជាបន្តបន្ទាប់ទៀត ។ ចំពោះរចនាសម្ព័ន្ធនាយកដ្ឋាន បានរៀបចំបង្កើតការិយាល័យថ្មីមួយ គឺការិយាល័យរដ្ឋបាល ដើម្បីតាមតម្រូវការអោយដំណើរការការងារមានប្រសិទ្ធភាពល្អប្រសើរមួយកំរិតទៀត ។ ក្នុងនោះដែរ លោក ពៅ វិទូ អនុប្រធាននាយកដ្ឋាន បានណែនាំដល់ការិយាល័យនីមួយៗ ត្រូវធ្វើសំណើមកតាមអាទិភាព និងតម្រូវការណាដែលចាំបាច់មុនគេក្នុងការិយាល័យជៀសវាងការចំណាយខុសគោលដៅ ព្រោះកញ្ចប់ថវិកានាយកដ្ឋានមានកំណត់ ។ សម្រាប់ក្រុមការងារចុះបំពេញបេសកកម្ម ប្រធានគោលដៅត្រូវរៀបចំធ្វើរបាយការណ៍ស្នើសុំមុនពេលចុះប្រតិបត្តិការដោយរាយការណ៍ពីចំនួនមនុស្ស និងថេរវេលាបំពេញការងារ ដើម្បីនាយកដ្ឋានងាយស្រួលក្នុងការរៀបចំផែនការថវិកាជូន ។ លោកអនុប្រធាន បានកោតសរសើរដល់ លោក ជា ហេង ដែលបានរៀបចំនូវទម្រង់របាយការណ៍គោលដៅ ដើម្បីងាយស្រួលដល់ក្រុមការងារគោលដៅទន់រឹង និងឥស្លាម ក្នុងការចុះប្រមូលព័ត៌មានរបស់ខ្លួន ។ បន្ថែមពីលើនេះដែរ ឯកឧត្តមប្រធាននាយកដ្ឋាន បានបំផុសគំនិតក្នុងការរៀបចំប្រព័ន្ធបណ្តាញពត៌មានសង្គមមួយគឺ WhatsApp ដើម្បីមន្រ្តីបុគ្គលិកនៃនាយកដ្ឋាន បានចែករំលែកពត៌មាន និងការងារផ្សេងៗជាមួយគ្នាទៅវិញទៅមកបានឆាប់រហ័ស និងងាយស្រួលក្នុងការទំនាក់ទំនងគ្នា បង្កើនភាពស្និទ្ធស្នាល សាមគ្គីភាពជាមួយគ្នាថែមទៀតផង ដោយប្រគល់ការងាររៀបចំនេះទៅ លោក ហៀង សុជាតិ ។
ជាចុងបញ្ចប់ ឯកឧត្តមប្រធាននាយកដ្ឋាន បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីក្រោមឱវាទទាំងអស់ សូមបន្តការខិតខំនេះ ដើម្បីបង្កើតសមិទ្ធផលថ្មីៗក្នុងនាយកដ្ឋានរបស់យើង ហើយក៏សូមជូនពរអ្នកទាំងអស់មានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រាប់ភារកិច្ច ។ អង្គប្រជុំបានបញ្ចប់ត្រឹមម៉ោង ១០:៣០ នាទី ថ្ងៃខែឆ្នាំដដែល ៕