ក្រោយពីបញ្ចប់កិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់រវាង លគជបភ ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ រួចមក នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នេះ ក្រុមការងារដែលដឹកនាំដោយឯកឧត្តម អ៊ុឹង អៀង និងមានការចូលរួមអមដំណើរដោយ ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ លោក ចាន់ ពិសិដ្ឋ និងលោក ហង់ ផល្លា បានបន្តធ្វើកិច្ចពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានដូចជា ការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងក្រុមហ៊ុន CAMS។ ក្នុងកិច្ចពិភាក្សានេះគឺផ្តោតសំខាន់ទៅលើការចងក្រងសៀវភៅបទដ្ឋាននីតិវិធីប្រតិបត្តិ (Standard of Operation Procedure- SOP) សម្រាប់ឲ្យមន្ត្រីដែលពាក់ព័ន្ធទាំងអស់អនុវត្តន៍ សំដៅមិនឲ្យមានការជាន់ដែនសមត្ថកិច្ចក្នុងពេលអនុវត្តន៍ការងារ និងបង្ហាញតួនាទីនៃ ការទទួលខុសត្រូវរបស់អាជ្ញាធរពាក់ព័ន្ធនីមួយៗ ដូចជាថាតើ គយ មានតួនាទីអ្វី? អាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលខុសត្រូវអ្វី? តើពេលមានហេតុការណ៍អាក្រក់កើតឡើងអ្នកណាជាអ្នកទទួលខុសត្រូវ និងត្រូវសុំអន្តរាគមន៍ពីស្ថាប័នណា? ដែលអ្វីៗអ្នកអស់នេះ គឺមានចងក្រងនៅក្នុងសៀវភៅបទដ្ឋាននីតិវិធីប្រតិបត្តិនេះទាំងអស់។
សូមបញ្ជាក់ផងដែរថា នាពេលកន្លងមកថ្មីៗនេះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានទទួលជំនួយឧបករណ៍រាវរកសារធាតុវិទ្យុសកម្មមួយចំនួនរួចហើយពី សហគមន៍អឺរ៉ុប និងក្រសួងថាមពលសហរដ្ឋអាមេរិក។




