ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង ០៨:៣០០នាទី នាយកដ្ឋានការពារ ហេដ្ឋារចនាសម្ព័ន្ធបានបើកកិច្ចប្រជុំផ្ទៃក្នុងពិសេសមួយក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ស សេរីវិចិត្រ ប្រធាននាយកដ្ឋាន, លោក ឈុន សុជាតិ, លោក គឹម ម៉ាក្សសី និងលោក ពៅ វិទូ អនុប្រធាននាយកដ្ឋាន និងមានការអញ្ជើញចូលរួមពីអស់លោកប្រធាន/អនុប្រធាការិយាល័យ មន្ត្រី បុគ្គលិករបស់នាយកដ្ឋាន ជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ និងដាក់នូវរបៀបវារៈសំខាន់ៗ ដើម្បីប្រជុំពិភាក្សានាព្រឹកនេះគឺ
ទី១.ការរៀបចំផែនការសកម្មភាពការងារ និងប្រើកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០១៦,
ទី២.ការប្រើប្រាស់ទម្រង់ស្រង់ទិន្នន័យពេលចុះបេសកកម្មជំហាន២ ។
បន្ទាប់មកសូមការិយាល័យនីមួយៗ រាយការណ៍ពីលទ្ធផលការអនុវត្តការងារប្រចាំខែកន្លងមក និងលើកផែនការសកម្មភាពថ្មីៗ ក៏ដូចជាតម្រូវការសម្ភារៈប្រើប្រាស់ចាំបាច់ សម្រាប់ឆ្នាំ២០១៦ខាងមុខផងដែរ ។ ពាក់ព័ន្ធការរៀបចំផែនការសកម្មភាពការងារ និងការប្រើកញ្ចប់ថវិកាសម្រាប់២០១៦ ការិយាល័យត្រូវរៀបចំជាផែនការសកម្មភាពរយៈពេល០១ឆ្នាំ និងផែនការសម្រាប់រយៈពេល០៣ឆ្នាំ ជូនមកនាយដ្ឋានដើម្បីពិនិត្យបូកសរុបចេញជាផែនការរួមរបស់នាយកដ្ឋានតែម្តង និងដាក់ជូនថ្នាក់លើពិនិត្យសម្រេច។ ការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ វាមានសារសំខាន់ណាស់សម្រាប់កំណត់ទិសដៅការងារបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ហើយវាបង្ហាញពីសកម្មភាពការងារច្បាស់លាស់មួយរបស់ការិយាល័យ និងនាយកដ្ឋានផងដែរ ។ ការងារដែលមានគ្រោងក្នុងផែនការការិយាល័យនីមួយៗពេលចុះបំពេញការងារ ឬមានតម្រូវការផ្សេងៗ នោះការចំណាយជាបន្ទុករបស់នាយកដ្ឋាន ។ ចំពោះការងារមិនមានក្នុងគំរោងប្រចាំឆ្នាំ ឬជាការងារដែលថ្នាក់ដឹកនាំតម្រូវឲ្យចុះអនុវត្តន៍បន្ទាន់ ជាការទទួលខុសត្រូវរបស់លេខាធិការដ្ឋាន ។ ដោយឡែកសម្រាប់ក្រុមការងារចុះបំពេញបេសកកម្មជំហានទី២នេះ លោក ឈុន សុជាតិ មានមតិយោបល់ និងស្នើជូនប្រធានអង្គប្រជុំពិនិត្យពិភាក្សាឡើងវិញ ថាតើចាំបាច់ត្រូវតែមានសមាសភាពចូលរួមដឹកនាំបេសកកម្មពីអនុប្រធាននាយកដ្ឋាន ឬក៏អត់? ព្រោះថ្នាក់ដឹកនាំបានបើកផ្លូវជំហានដំបូងម្តងហើយ ។ ដំណោះស្រាយករណីខាងលើនេះ និងបញ្ហាខ្វះមធ្យោបាយធ្វើដំណើរ ដែលក្រុមការងារគោលដៅទន់រឹង បានសំណូមពរ ឯកឧត្តមប្រធាននាយកដ្ឋាន នឹងធ្វើការពិភាក្សារកដំណោះស្រាយ ជាមួយ ឯកឧត្តម គឹម នាន ជាបន្តទៀត ។ បន្ថែមពីលើនេះដែរ ឯកឧត្តមប្រធាននាយកដ្ឋាន បានណែនាំដល់ក្រុមការងារគោលដៅទាំង២ក្រុម ត្រូវស្វែងយល់ឲ្យបានច្បាល់ពីទម្រង់ប្រមូលទិន្នន័យគោលដៅ ដែលរៀបចំដោយលោក ជា ហេង ដើម្បីការចុះប្រតិបត្តិការលើកក្រោយទទួលបានលទ្ធផលការងារកាន់តែប្រសើរថែមទៀត ។ រាល់ព័ត៌មាន និងទិន្នន័យដែលប្រមូលបានតាមគោលដៅរបស់ក្រុមការងារនីមួយៗ ត្រូវរៀបចំប្រគល់ជូនមកក្រុមការងារបូកសរុបទិន្នន័យ ដើម្បីរៀបចំជាឯកសារគោលរបស់នាយកដ្ឋាន ។
ជាចុងបញ្ចប់ ឯកឧត្តមប្រធាននាយកដ្ឋាន បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីក្រោមឱវាទទាំងអស់ បន្តការខិតខំនេះ ដើម្បីបង្កើតសមិទ្ធផលថ្មីៗក្នុងនាយកដ្ឋានរបស់យើង ហើយក៏សូមជូនពរអ្នកទាំងអស់មានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រាប់ភារកិច្ច ។ អង្គប្រជុំបានបិទបញ្ចប់ត្រឹមម៉ោង ១០:៣០ នាទី ថ្ងៃខែឆ្នាំដដែល ៕