ភ្នំពេញ៖ ក្រោយបំពេញការងារប្រចាំនីមួយៗកន្លងមក នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ នៃលេខាធិការដ្ឋានគ.ជ.ប.ភ តែងតែរៀបចំកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួនជាប្រចាំដើម្បីបូកសរុបការងារប្រចាំខែ និងដាក់គោលដៅផែនការសកម្មភាពខែបន្ទាប់ៗទៀត ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ០៩:៣០នាទី នាយកដ្ឋានបានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ស សេរីវិចិត្រ ប្រធាននាយកដ្ឋាន, លោក គឹម ម៉ាក្សសី និងលោក ពៅ វិទូ អនុប្រធាននាយកដ្ឋាន និងមានការអញ្ជើញចូលរួមពីអស់លោកប្រធាន/អនុប្រធាការិយាល័យ មន្ត្រី បុគ្គលិករបស់នាយកដ្ឋានជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើមការប្រជុំ ឯកឧត្តមប្រធាននាយកដ្ឋាន បានសូមពន្យល់ពីមូលហេតុនៃការប្រជុំមុនកាលកំណត់ប្រជុំប្រចាំដែលតែងតែធ្វើនៅសប្តាហ៍ទី៣នៃខែមួយៗ គឺមកពីមានក្រុមបេសកកម្មគោលដៅទន់រឹង ចំនួន០២ក្រុម ត្រូវចុះបំពេញការងារនៅខេត្តព្រះសីហនុ នៅចុងសប្តាហ៍នេះ ហើយក៏ដើម្បីផ្សព្វផ្សាយដល់ក្រុមការងារត្រៀមខ្លួនបានគ្រប់ជ្រុងជ្រោយក្នុងការបំពេញបេសកកម្មអោយទទួលបានលទ្ធផលល្អ និងប្រសិទ្ធភាពថែមទៀតផង ។ ក្រោយពីមានមតិស្វាគមន៍សួរសុខទុក្ខដល់សមាជិកអង្គប្រជុំរួចមក ឯកឧត្តមប្រធានអង្គប្រជុំបានស្នើដល់ប្រធានការិយាល័យទាំងអស់រាយការណ៍ពីលទ្ធផលការងារ និងផែនការទិសដៅសកម្មភាពការងារខែបន្ទាប់ទៀត ។ ជាបន្ទាប់ការិយាល័យនីមួយៗបានរាយការណ៍ពីលទ្ធផលការងារប្រចាំខែកក្កដា, បញ្ហាប្រឈម និងផែនការសកម្មភាពរបស់ការិយាល័យ ជារួមបានធ្វើផែនការសកម្មភាព និងសំណើរថវិការ សម្រាប់ឆ្នាំ២០១៦ រួចរាល់ផងដែរ ។ ពាក់ព័ន្ធការងារនេះ លោក ពៅ វិទូ អនុប្រធាននាយកដ្ឋាន បានចូលរួមយោបល់ថា មកទល់ពេលនេះលោក បានទទួលផែនការ និងសំណើររបស់ការិយាល័យរួចហើយ ប៉ុន្តែការិយាល័យទី៣ ត្រូវរៀបចំផែនការសកម្មភាពពាក់ព័ន្ធបន្ថែមទៀត ។ ក្រោយពេលទទួលបាននូវផែនការពេញលេញរបស់ការិយាល័យទាំងអស់ លោកនឹងដាក់ជូនឯកឧត្តមប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ដើម្បីពិភាក្សាសម្រេចដោយដាក់បញ្ជូលសកម្មភាពបន្ថែម និងត្រូវជួបជាមួយ ឯកឧត្តម គឹម នាន ដើម្បីបានអនុសាសន៍ពាក់ព័ន្ធការរៀបចំវគ្គបណ្តុះបណ្តាល ឬបេសកកម្មចាំបាច់មួយចំនួនដែលចង់អោយនាយកដ្ឋានធ្វើ ដូច្នេះយើងបានជាផែនការ និងទិសដៅសកម្មភាពការងារសម្រាប់ឆ្នាំ២០១៦ តែម្តង ។ ក្នុងនោះដែរ លោក គឹម ម៉ាក្សសី អនុប្រធាននាយកដ្ឋាន ក៏បានស្នើដល់សមាជិកទំាងអស់ដែលមានឈ្មោះក្នុងក្រុមបណ្តាញសង្គម WhatsApp របស់នាយកដ្ឋានសូមផុសព័ត៌មានដែលចាំបាច់ពាក់ព័ន្ធនឹងនាយកដ្ឋានបានហើយ ចំពោះបញ្ជីវត្តមានប្រចាំខែរបស់បុគ្គលិកសូមនាយកដ្ឋានធ្វើការរក្សាទុកអោយបានត្រឹមត្រូវ។ ពាក់ព័ន្ធការប្រើប្រាស់បណ្តាញសង្គមWhatsApp ឯកឧត្តមប្រធានមានប្រសាសន៍ថាគឺវាផ្តល់នូវអត្ថប្រយោជន៍ច្រើនណាស់ដល់យើងដើម្បីទទួលបានព័ត៌មាន និងចែករំលែកព័ត៌មានទៅគ្នាទៅវិញទៅមក និង បង្កើនភាពស្និតស្នាល ការសហការគ្នារវាងមន្ត្រីបុគ្គលិកជាមួយថ្នាក់ដឹកនាំនាយកដ្ឋាន ប៉ុន្តែការចែករំលែកព័ត៌មានត្រូវមានការទទួលខុសត្រូវ និងក្រមសីលធម៌ខ្ពស់។ ចំពោះបញ្ជីវត្តមានបុគ្គលិកដែលមិនមកធ្វការ ឬអវត្តមានច្រើនត្រូវអោយគាត់ធ្វើលិខិតលាឈប់ ឬកិច្ចសន្យា ឬចេញលិខិតបញ្ឈប់តែម្តង ។ ចំពោះការធ្វើផែនការទិសដៅសកម្មភាពឆ្នាំ២០១៦ តាមការិយាល័យអាចពិនិត្យផ្ទៀងផ្ទាត់ និងបន្ថែមសកម្មភាពដែលចំបាច់មកនាយកដ្ឋានអោយបានមុនខែតុលា ។
ជាចុងបញ្ចប់ ឯកឧត្តមប្រធាននាយកដ្ឋាន បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីក្រោមឱវាទទាំងអស់ ដើម្បីបង្កើតសមិទ្ធផលថ្មីៗក្នុងនាយកដ្ឋានរបស់យើង ហើយក៏សូមជូនពរដល់ក្រុមគោលដៅទាំង២ បានជោគជ័យ និងសុវត្ថិភាពក្នុងការធ្វើដំណើរ មានសុខភាពល្អ សំណាងល្អ ។ អង្គប្រជុំបានបិទបញ្ចប់ត្រឹមម៉ោង ១១:០០នាទី ថ្ងៃខែឆ្នាំដដែល ៕