ចំនួនមនុស្សស្លាប់ដោយការបំផ្ទុះគ្រាប់បែកគឺ ២០នាក់ និងរបួស ១២៥នាក់

0

​ប្រ​ភព​​ព័ត៌​មាន​​ ​Bang​kok​​ ​Post​ ​​ចេញ​ផ្សាយ​​ថ្ងៃ​ទី​ ​​១៨​ ​ខែ​ ​សីហា​​ ​ឆ្នាំ​ ​២០១៥​ ​​ម៉ោង​ ​០៩:៣២​នាទី​ 

បាងកក ​ប្រទេសថៃ ​កាលពីព្រឹកមិញ​នេះ​មន្ត្រីប៉ូលីស​ក្រុងបាងកក​ បានធ្វើការ​កែសម្រួល​​ចំនួនមនុស្ស​​ស្លាប់​ពីការ​​បំផ្ទុះ​គ្រាប់​បែកកាល​ពីរាត្រីថ្ងៃចន្ទ​ នៅទីកន្លែង​សក្ការៈបូជា​ Erawan ​ក្នុងក្រុង​បាងកក​ ដោយចំនួន​មនុស្សស្លាប់​ពិតប្រាកដ​គឺ ២០​ នាក់​ក្នុងនោះ​មានជនជាតិចិន​ ០២នាក់ ​និងជនជាតិហ្វីលីពីន​ ០១នាក់ ​។ អ្នកនាំពាក្យម្នាក់​បាននិយាយថា​មនុស្សចំនួន ​១២៥ នាក់ផ្សេងទៀត​បានរងរបួស​ និងកំពុងត្រូវកា​រជំនួយពីពេទ្យ​ ។

មន្រ្តីនាំពាក្យ​ប៉ូលីស​លោក Gen Prawut​ Thavornsiri ​បានឱ្យដឹង​នៅក្នុងបទ​សម្ភាស​ទូរទស្សន៍ ​មួយកាលពី​​ព្រឹក​​មិញនេះ​ថា របាយការណ៍​អំពីចំនួនមនុស្ស​ស្លាប់ ២២នាក់នោះ​មិនមែនជាព័ត៌មាន​ច្បាស់​ការណ៍នោះ​ទេ​​ ព្រោះជាការយល់​ច្រឡំ​​លើ​ការ​កំណត់​អត្តសញ្ញាណ​សាកសព ​។ ​លេខាធិការ​សុខភាព​អចិន្ត្រៃយ៍​លោក Narong ​Sahametapat  ​និងគ្រូពេទ្យ​បានប្រាប់​ទី​​ភ្នាក់​ងារសារព័ត៌មាន​អាឡឺម៉ង់ ​DPA ​ថា ​នៅតែមានការ​យល់ច្រឡំមួយ​ចំនួននៅ​ព្រឹកមិញនេះ ​។ ​លោកវេជ្ជបណ្ឌិត​ Phetphong ​Kamjornjitjakarn  ​បាននិយាយថា ​មានមនុស្ស​ជាច្រើននៅក្នុង​មន្ទីរពេទ្យដែលយើង​មិនទាន់អាចកំណត់​សញ្ជាតិ​បាន​នៅ​​ឡើយ ។ ​ពួកគេនៅមិនទាន់​មានស្មារតី​គ្រប់គ្រាន់ ​ហើយក៍មិនបាន​ដាក់អត្តសញ្ញាណ​ជាប់ខ្លួន​នៅពេល​កើតឧបទ្ទវហេតុ​​​នេះ​ ។ ​​លោក​វេជ្ជបណ្ឌិត​ ​Narong ​បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយថា​ “ជនរងគ្រោះដែល​ក្មេងជាងគេនា​ពេលបច្ចុប្បន្ន​គឺមានអាយុ ​៥ ឆ្នាំ​​ជាជនជាតិចិន​រងរបួសក្បាល” ​។ លោកបាន​បន្ថែមទៀតថា ​ជនរងគ្រោះមួយ​ចំនួនត្រូវ​បានអនុញ្ញាត​ឲ្យចេញពីមន្ទីពេទ្យ​​ប៉ុន្តែ​មួយ​ចំនួនទៀត​ដែលនូវទទួលរង​នូវភាពរន្ធត់ ​និងរលាក ​កំពុងតែស្ថិត​នៅក្នុងមន្ទីរពេទ្យ​នៅឡើយ ​៕