ប្រភពព័ត៌មាន BBC ចេញផ្សាយថ្ងៃទី 19 ខែ សីហា ឆ្នាំ 2015 ម៉ោងប្រហែល ៨ព្រឹក
អូស្ត្រាលី : អាជ្ញាធរប្រទេស អូស្ត្រាលី បានបញ្ឈប់ការចាកចេញពីប្រទេសរបស់ជនជាតិអូស្រ្តាលីចំនួន 7 នាក់ដោយខ្លាចថាពួកគេគ្រោងនឹងទៅចូលរួមប្រយុទ្ធនៅក្នុងតំបន់មជ្ឈឹមបូពា៌ ។ លោកនាយករដ្ឋមន្រ្តី Tony Abbott បានអោយដឹងថា មើលទៅហាក់ដូចជាពួកគេកំពុងព្យាយាមចូលរួមជាមួយក្រុម “ភេរវករ” ។
ពួកគេត្រូវបានគេឃាត់ខ្លួននៅព្រលានយន្តហោះអន្ដរជាតិទីក្រុង ស៊ីដនី កាលពីដើមខែនេះ ។ វាជាបទឧក្រិដ្ឋនៅប្រទេសអូស្ត្រាលីក្នុងការជួយពួកសកម្មប្រយុទ្ធនៅខាងណាមួយក្នុងជម្លោះនៅតំបន់មជ្ឈឹមបូពា៌។ លោក Abbott បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ឧបទ្ទវហេតុនេះសរអោយឃើញថា “នេះជាការទាក់ទាញ” របស់ក្រុម “ភេរវករ” នៅឯបរទេស ។ រដ្ឋាភិបាលមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតលើបញ្ហានេះទេ។
លោក Abbott បានប្រតិកម្មតបទៅនឹងរបាយការណ៍មួយរបស់កាសែត Daily Telegraph នៅក្នុងទីក្រុង ស៊ីដនី អំពីក្រុមមនុស្សដែលប៉ុនប៉ងអោយយន្តហោះបែរទៅប្រទេស ស៊ីរី ឬប្រទេស អ៊ីរ៉ាក់ ។ ពួកគេត្រូវបានចោទប្រកាន់ថាមាននាំយកសាច់ប្រាក់ជាច្រើនជាប់ខ្លួន ។ ប្រទេសអូស្រ្តាលីកំពុងមានបញ្ហាយ៉ាងខ្លាំងដោយសារការវាយប្រហារដោយក្រុម ម៉ូស្លីមរ៉ាឌីកាល់ រួមបញ្ចូលទាំងអ្នកត្រឡប់មកផ្ទះពីការប្រយុទ្ធគ្នានៅក្នុងតំបន់មជ្ឈឹមបូពា៌ផងដែរ ។
នៅក្នុងខែធ្នូកាលពីឆ្នាំមុន ប្រទេសនេះបានហាមឃាត់ជាពិសេសក្នុងការធ្វើដំណើរទៅកាន់ខេត្ត Raqqa របស់ប្រទេស ស៊ីរី ដែលត្រូវបានកាន់កាប់ដោយក្រុមរដ្ឋអ៊ិស្លាមដែលហៅថា (IS) ។
មានន័យថាអ្នកណាម្នាក់ដែលចូលទៅកាន់តំបន់នោះអាចប្រឈមនឹងការជាប់ពន្ធនាគារចំនួន 10 ឆ្នាំ លុះត្រាតែពួកគេមានហេតុផលត្រឹមត្រូវ និងស្របច្បាប់ រួមបញ្ចូលទាំងការទៅលេងក្រុមគ្រួសារអ្នកកាសែត ឬជាការងារជំនួយក៏ដោយ ។