នាយក​ដ្ឋាន​ការពារ​ហេដ្ឋារចនា​សម្ព័ន្ធ​ចូលរួម​គោរព​វិញ្ញាណក្ខ័ន្ធ​ លោកជំទាវ​ សួង សុវណ្ណរាសី

0

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា​ ឆ្នាំ២០១៥​ វេលា​ម៉ោង​១០:០០​នាទី​ នាយក​ដ្ឋាន​ការពារ​ហេដ្ឋារចនា​សម្ព័ន្ធ​ ដឹកនាំ​ដោយ​ ឯកឧត្តម​ ស សេរីវិចិត្រ​ ប្រធាន​នាយកដ្ឋាន,​ លោក​ ពៅ វិទូ​ អនុប្រធាន​នាយកដ្ឋាន​ និង​អម​ដំណើរ​ដោយ​ប្រធាន/​អនុប្រធាន​ការិយាល័យ​ និង​មន្រ្តី​បុគ្គលិក​ជាច្រើន​នាក់​ ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខ័ន្ធ​លោក​ជំទាវ​ សួង សុវណ្ណរាសី​ អនុប្រធាន​នាយកដ្ឋាន​ចារកម្ម​ និង​ស៊ើបអង្គេត​ នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ដែល​បាន​ទទួល​មរណកាល​ពីថ្ងៃទី​១៨​ ខែសីហា​ ឆ្នាំ២០១៥​ ដោយ​រោគាពាធ​ នៅ​មន្ទីរ​ពេទ្យ​ប្រទេសថៃ​ ។ ឯកឧត្តម​ប្រធាន​នាយក​បាន​មាន​ប្រសាស៍ថាៈ​ ក្នុង​នាម​ឯកឧត្តម​ផ្ទាល់​ និង​ក្នុង​នាម​នាយកដ្ឋាន​ការពារ​ហេដ្ឋារចនា​សម្ព័ន្ធ​នៃ​លេខធិការដ្ឋាន​ គ.ជ.ប.ភ​ សូម​ចូល​រួម​ចែករំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំបំ​ផុតជូន​ចំពោះ​ ឯកឧត្តម​ សម្បត្តិ ហ៊ូណា​ និង​ក្រុម​គ្រួសារ​ដែល​បាត់បង់​ភរិយា​ជាទី​ស្រលាញ់​ និង​សមាជិក​ដ៏​សំខាន់​របស់​គ្រួសារ​ ។ ឯកឧត្តម​បន្ថែមថា​ ការ​បាត់​បង់​លោកជំទាវ​ សួង សុវណ្ណរាសី​ ជាការ​បាត់បង់​នូវ​ធនធាន​មនុស្ស​ម្នាក់​ដែល​មាន​សមត្ថភាព​ និង​ចំណេះ​ដឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ និង​សង្គម​ជាតិ​ផងដែរ​ ។ ក្នុង​ឱកាស​នោះដែរ​ នាយកដ្ឋាន​បាន​នាំមក​នូវ​បាច់​ផ្កា​រំលែក​ទុក្ខ​(ក្រោន) ​និង​បច្ច័យ​សរុបចំនួន​៥៥០ដុល្លា​ ដែល​ជាថវិកា​ផ្ទាល់​ខ្លួន​របស់​ ឯកឧត្តម​ប្រធាន​នាយក​ដ្ឋាន​ ចំនួន៥០០ដុល្លា​ និង​ លោក ពៅ វិទូ​ ចំនួន​៥០ដុល្លា​ ជូន​ចំពោះ​គ្រួសារ​សព​ផងដែរ​ ។ ក្នុង​ទឹក​មុខ​ក្រៀម​ក្រំ​ស្រណោះ​សោក​ស្តាយ​ភរិយា​ជាទី​ស្រលាញ់​ ឯកឧត្តម​ សម្បត្តិ ហ៊ូណា​ និង​ក្រុម​គ្រួសារ​ បាន​ថ្លែង​អំណរ​គុណ​ដល់​ឯកឧត្តម​ប្រធាន​នាយកដ្ឋាន​ និង​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​គោរព​ស្រលាញ់​រាប់​អាន​ចូលរួម​ក្នុង​កម្ម​ពិធី​បុណ្យ​ថ្ងៃនេះ​ សូម​ប្រកប​តែ​ពុទ្ធពរ​ទាំង៤​ប្រការ​ គឺអាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ និង​សម្រេច​បាន​ជោគជ័យ​គ្រប់ភារ​កិច្ច​ការងារ​ផងដែរ​ ។

3111 6 1 2 5