ប្រភពព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៥ :
ទីក្រុង Sagamihara ប្រទេសជប៉ុន : ក្រុមអ្នកពន្លត់អគ្គិភ័យក្នុងប្រទេសជប៉ុនបានជួយពន្លត់ការឆាបឆេះដ៍សន្ធោសន្ធៅដែលកើតឡើងដោយការផ្ទុះចេញពីមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកនៅទីក្រុង Sagamihara ។
រហូតមកដល់ពេលនេះនៅមិនទាន់មានរបាយការណ៍អំពីការរងរបួសនៅឡើយទេ។ ភ្លើងដែលបានឆាបឆេះកាលពីពាក់កណ្ដាលយប់នេះត្រូវបានពន្លត់ ពីរ បីម៉ោងបន្ទាប់ពីហេតុការណ៍នោះកើតឡើង។ គួរបញ្ជាក់ផងដែរថាការឆាបឆេះនេះបានកើតឡើងនៅ Sagami Depot ដែលជាទីតាំងកងទ័ពរបស់សហរដ្ឋអាមេរិកក្នុងទីក្រុង Sagamihara ដែលមានចម្ងាយ ៤0 គីឡូម៉ែត្រ (២៥ ម៉ាយល៍) ភាគនិរតីនៃទីក្រុងតូក្យូ។ កងទ័ពរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថាឃ្លាំងដែលឆេះនេះបានរក្សាទុកឧស្ម័នដែលរួមមាន nitrogen oxygen និង freon ហើយអាជ្ញាធរដែលពាក់ព័ន្ធកំពុងតែស៊ើបអង្កេតពីមូលហេតុនៃការឆេះនេះ។
មន្រ្តីសហរដ្ឋអាមេរិកក៏បានបញ្ជាក់ផងដែរថាឃ្លាំងនេះមិនបានរក្សាទុករំសេវ ឬសារធាតុគីមីគ្រោះថ្នាក់អ្វីនោះទេ។ អ្នកស្រុកម្នាក់បានប្រាប់ទូរទស្សន៍ NHK ថានាងបានលឺសំលេងផ្ទុះជាបន្តបន្ទាប់អស់រយៈពេលប្រហែលជា 10 ទៅ 15 នាទី។ នាងបាននិយាយថា ផ្កាភ្លើងពណ៌ទឹកក្រូចបានឆាបឆេះឡើង ខ្ញុំមើលមិនឃើញផ្សែងអ្វីនោះទេប៉ុន្តែខ្ញុំធុំក្លិនរំសេវ។