ព្រះសីហនុ ៖ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥កន្លងមកនេះ នៅកំពង់ផែស្វ័យតព្រះសីហនុ មានបើកវគ្គបណ្តុះបណ្តាលមួយ ដោយមានការឧទ្ទេសនាមផ្ទាល់របស់គ្រូបង្គោលមកពីក្រសួងថាមពលសហរដ្ឋអាមេរិក, គ្រូបង្គោលគយ និងរដ្ឋាករប្រចាំកំពង់ផែក្រុងព្រះសីហនុ និងចូលរួមពន្យល់បន្ថែមដោយឯកឧត្តម អ៊ុឹង អៀង អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ស្តីពីការប្រើប្រាស់ឧបករណ៍ដែលបានតំឡើងនៅកំពង់ផែស្វ័យត្ន ក្រុងព្រះសីហនុក្នុងការរាវរកសារធាតុវិទ្យុសកម្ម និងឧបករណ៍កាន់ដោយដៃ ដែលបានបំពាក់រួចកាលពីឆ្នាំ២០១១ ចំនួន០៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់១១ ខែកញ្ញា ឆ្នាំ២០១៥ដោយមានការអញ្ជើញចូលរួមពីសិក្ខាកាមសរុបចំនួន ១៤នាក់ មកពីសាខាគយ និងរដ្ឋាករប្រចាំកំពង់ផែក្រុងព្រះសីហនុ ១០នាក់ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ០២នាក់ និងមន្រ្តីមកពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ០២នាក់ ។ គោលបំណងសំខាន់ក្នុងវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីបង្កើតចំណេះដឹងដល់មន្រ្តីគយដែលទទួលការងារត្រួតពិនិត្យសារធាតុវិទ្យសកម្ម អោយកាន់តែយល់ដឹងច្បាស់សំដៅធានាឲ្យបាននូវប្រសិទ្ធភាពចូលរួមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ក្នុងការចូលរួមជាមួយតំបន់ និងសកលលោកលើការបង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងការរត់ពន្ធដោយខុសច្បាប់នូវសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរដោយខុសច្បាប់ ។ សូមបញ្ជាក់ថា៖ គំរោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០០៩ ហើយចាប់ផ្តើមប្រើប្រាស់ក្នុងឆ្នាំ២០១១ ដោយថវិកាចំណាយទាំងស្រុងលើភាគីសហរដ្ឋអាមេរិក ដែលនឹងបន្តរហូតដល់ខែកញ្ញា ឆ្នាំ២០១៦ ទើបកម្ពុជាទទួលភារៈក្នុងការថែទាំ ។