ប្រភពព័ត៌មាន Sabay news quoted from Bangkokpost 18/09/2015 http://news.sabay.com.kh/article/483468
ប្រទេសថៃ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និងជាង១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងករណីបំផ្ទុះ៦ករណីផ្សេងគ្នា នៅក្នុងស្រុក Rangae ខេត្ត Narathiwat ប្រទេសថៃយប់មិញនេះ។
និយាយនៅក្នុងបណ្ដាញសង្គម Twitter នាយឧត្តមសេនីយ៍ Prawut Thavornsiri អ្នកនាំពាក្យនគរបាល បានឲ្យដឹងថាគ្រាប់បែក២ បានផ្ទុះនៅម្ដុំជិតវត្ត Sangkhasitthitharam។ គ្រាប់បែកដំបូង ត្រូវគេបំផ្ទុះដើម្បីឲ្យមនុស្សម្នាទៅចោមរោមមើល ហើយក៏បំផ្ទុះគ្រាប់បែកទី២ទៀត ដែលធ្វើឲ្យអ្នកភូមិដែលទៅចោមរោមមើល រងរបួសជាច្រើននាក់។ ការផ្ទុះទី៣ កើតឡើងនៅជិតក្រុមហ៊ុន Tanyongmas Cooperative ដែលជាគ្រាប់បែកជាប់ម៉ូតូ។ វាបានផ្ទុះពេលក្រុមទាហានល្បាតកំពុងដើរទៅកាន់កន្លែងផ្ទុះទី១ និងទី២ ដែលធ្វើឲ្យទាហានល្បាតម្នាក់ និងអ្នកភូមិម្នាក់ស្លាប់ និងរបួសមួយចំនួនទៀត។ ឯការការផ្ទុះទី៤នៅទល់មុខសាខាក្រុមហ៊ុន TOT Plc. ជិតស្ថានីយ៍រថភ្លើង ប៉ុន្តែក្រោយមកវាត្រូវបានគេរកឃើញថាជាប្រភេទផាវធន់ធំ មិនមែនជាគ្រាប់បែកនោះឡើយ។ ការផ្ទុះទាំង៤ករណីខាងលើ កើតឡើងចន្លោះពីម៉ោង ៧:២០នាទី ដល់៨យប់មិញនេះ។ មនុស្ស១៤នាក់បានរងរបួស រាប់បញ្ចូលទាំងទាហានល្បាត៤រូបផងដែរ។ ការបំផ្ទុះ២ករណីទៀតនៅក្នុងអនុស្រុក Tanyongmas វេលាម៉ោង ៩:២០នាទីយប់ ប៉ុន្តែមិនមានអ្នករបួស ឬស្លាប់នោះទេ។
នេះជាករណីបំផ្ទុះគ្រាប់បែកជាថ្មី ក្រោយការបំផ្ទុះគ្រាប់បែកនៅទីសក្ការៈបូជា Erawan កាលពីថ្ងៃទី១៧ សីហា ដោយបានសម្លាប់មនុស្សអស់២០នាក់ និងជាង១០០នាក់ផ្សេងទៀតបានរងរបួស៕