ប្រភពព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៥ :
(CNN)៖ មេបញ្ជាការយោធាសហរដ្ឋអាមេរិកបានស្នើនូវកម្មវិធីផ្តល់អាវុធយុទ្ធភណ្ឌដល់ពួកឧទ្ទាមស៊ីរីប្រឆាំងនឹងក្រុម ISIS ដែលមានចំនួនយោធាឡើងដល់ ៥០០០នាក់ និងកំពុងប្រតិបត្តិការនៅភាគខាងជើងប្រទេសស៊ីរី។ ក្រុមដែលត្រូវបានគេចាត់ទុកថាជាសម្ព័ន្ធស៊ីរីអារ៉ាប់បានទទួលជោគជ័យលើសមរភូមិប្រឆាំងនឹងក្រុម ISIS ក្នុងសប្តាហ៍កន្លងទៅនេះ ស្របពេលដែលសហរដ្ឋអាមេរិកកំពុងជួបការលំបាកក្នុងការស្វែងរកកម្មវិធីដើម្បីបណ្តុះបណ្តាលពួកឧទ្ទាមស៊ីរីផ្សេងទៀតនិងបញ្ជូនពួកគេទៅកាន់សមរភូមិនោះ។
មេបញ្ជាការយោធាសហរដ្ឋអាមេរិកមានអារម្មណ៍ថា ការគាំទ្រចំពោះក្រុមចម្រុះនេះមានសារៈសំខាន់ខ្លាំងក្នុងការទទួលបានជោគជ័យនៅលើសមរភូមិភាគខាងជើងប្រទេសស៊ីរី នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកម្នាក់ដែលមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈអំពីប្រតិបត្តិការយោធានេះ។
រុស្ស៊ីបង្ហោះយន្តហោះគ្មានមនុស្សបើកក្នុងប្រទេសស៊ីរី
មន្រ្តីយោធាបានអោយដឹងថាក្រុមចម្រុះនេះកំពុងតែខ្វះខាតគ្រឿងសព្វាវុធនិងគ្រាប់រំសេវ។ មេបញ្ជាការសហរដ្ឋអាមេរិកនឹងរៀបចំផ្តល់អោយបានឆាប់តាមដែលអាចធ្វើទៅបាន។ ទោះជាយ៉ាងណាក៏ដោយការសម្រេចចិត្តក្នុងការផ្តល់នូវរំសេវ និងអាវុធអាចធ្វើទៅបានលុះត្រាតែមានការយល់ព្រមពីសេតវិមាន ដែលមន្រ្តីយោធាបាននិយាយថាមិនទាន់មានការយល់ព្រមនៅឡើយទេ។ ជាលើកដំបូងហើយ ដែលក្រុមចម្រុះនេះត្រូវបានគេរៀបរាប់ជាសាធារណៈថាជា ”សម្ព័ន្ធស៊ីរីអារ៉ាប់” ដោយមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងមន្ទីរបញ្ចកោណ ដែលពិភាក្សាអំពីបេសកកម្មហ្វឹកហាត់នឹងបំពាក់សម្រាប់ក្រុមប្រឆាំងស៊ីរីក្នុងពេលផ្តល់សក្ខីកម្មនៅ Capitol Hill។
លោកណេតាន់យ៉ាហ៊ូ ៖ ទស្សនកិច្ចលោកពូទីន ពិភាក្សាអំពីក្តីបារម្ភដែលរុស្ស៊ីមានការជាប់ពាក់ព័ន្ឋនៅក្នុងប្រទេសស៊ីរី
អ្នកស្រី Christine Wormuth អនុរដ្ឋលេខាធិការនយោបាយនៅក្រសួងការពារជាតិបានថ្លែងប្រាប់គណៈកម្មាធិការសេវាប្រដាប់អាវុធអំពីកម្មវិធីហ្វឹកហាត់និងបំពាក់ថា “កម្លាំងដែលយើងកំពុងបណ្តុះបណ្តាល” ឥឡូវនេះ “មានចំនួនតិចណាស់ដែលមិនទាន់ឈានដល់ចំនួនដែលយើងបានគ្រោងទុកនៅឡើយទេ”។ ប៉ុន្តែលោកស្រីបានបន្ថែមទៀតថាពួកគេ “កំពុងតែទទួលបានការបណ្តុះបណ្តាលដ៏អស្ចារ្យជាមួយនិងឧបករណ៍ល្អៗដូចនេះវានឹងអាចជាគុណកម្លាំងនិងប្រសិទ្ឋិភាពសំរាប់ក្រុមផ្សេងទៀតដូចជាសម្ព័ន្ធស៊ីរី អារ៉ាប់អញ្ជឹងដែរ”។
យុទ្ធជនរាប់សិបនាក់ដែលបានទទួលការបណ្តុះបណ្តាលដោយក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកបានរាយការណ៍ថាបានចូលទៅក្នុងប្រទេសស៊ីរី
មិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេថា បើពួកឧទ្ទាមដែលបណ្តុះបណ្តាលដោយសហរដ្ឋអាមេរិកនឹងត្រូវទទួលយកដោយសមាជិកនៃសម្ព័ន្ធស៊ីរីអារ៉ាប់នោះដែលត្រូវបានបង្កើតឡើងដោយកុលសម្ព័ន្ធនិងក្រុមជនជាតិភាគតិចផ្សេងគ្នាចំនួន ១៥ និងថាតើពួកឧទ្ទាមដែលបណ្តុះបណ្តាលដោយសហរដ្ឋអាមេរិកនោះនឹងអាចធ្វើការជាមួយពួកគេដោយផ្ទាល់ឬយ៉ាងណា។
មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា សម្ព័ន្ធក្រុមអ្នកប្រយុទ្ធស៊ីរីអារ៉ាប់កំពុងធ្វើការយ៉ាងជិតដិតជាមួយកងកម្លាំងឃើដ ( Kurdish YPG ) ដែលពួកគេធា្លប់បានទទួលជោគជ័យនៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នៅភាគខាងជើងប្រទេសស៊ីរី ៕