ប្រភពព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៥ :
ទីក្រុងមីកា (Mecca) ប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) : ការរត់ជាន់គ្នាក្នុងអំឡុងពេលចុងក្រោយនៃពិធីបុណ្យធម្មយាត្រា Hajj (ជាពិធីបុណ្យធម្មយាត្រាអ៊ីស្លាមប្រចាំឆ្នាំក្នុងទីក្រុង Mecca) បានធ្វើអោយមនុស្សស្លាប់ជាង ៧០០ នាក់និងរបួសដល់ទៅជិត ៩០០ នាក់ផ្សេងទៀតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia)។ឧប្បត្តិវគ្គហេតុរត់ជាន់គ្នានេះកើតឡើងនៅ ព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះអំឡុងពិធីបុណ្យដែលគេស្គាល់ថាជា “ពិធីគប់អារក្ស” នៅទីក្រុងតង់ក្នុងក្រុងមីណា (Mina) ដែលមានចម្ងាយប្រហែលជាពីរម៉ាយពីតំបន់បរិសុទ្ធនៃទីក្រុង Mecca ដែលជាទីក្រុងសក្ការៈរបស់សាសនាអ៊ីស្លាម។ ខ្សែវីដេអូដែលទទួលបានដោយបណ្តាញសារព័ត៌មាន CNN បានបង្ហាញពីទិដ្ឋភាពដ៏គួរអោយតក់ស្លុត។ សាកសពគរលើគ្នាដែលមានមនុស្សមួយចំនួននៅកំរើកបានប៉ុន្តែភាគច្រើនបានស្លាប់។ កម្មករពាក់មួកកំពុងឆ្លុះបញ្ចាំងពីការលំបាកនិងធ្វើការយ៉ាងសកម្មក្នុងការទាញសាកសពមនុស្សដែលស្លាប់ចេញពីលើមនុស្សដែលនៅមានជិវិត។ ប្រហែលជាប្រាំម៉ោងបន្ទាប់ពីការរត់ជាន់គ្នាអ្នកស្រី Ethar El-Katatney អ្នកដែលនៅក្បែរកន្លែងកើតហេតុម្នាក់បាននិយាយថា នាងបានដើរកាត់រថយន្តសង្គ្រោះដែលដឹកសាកសពជនរងគ្រោះជាច្រើន។ នាងបន្តថា នាងបានឃើញមន្ត្រីប៉ូលីសនិងបុគ្គលិកពេទ្យជាច្រើននៅកន្លែងនោះ។ អ្នកស្រីបានប្រាប់បណ្តាញសារព័ត៌មាន CNN តាមទូរស័ព្ទថា : ខ្ញុំឃើញរថយន្តសង្គ្រោះខ្ញុំឃើញសាកសពជាច្រើន … យ៉ាងហោចណាស់មានរថយន្តសង្គ្រោះ ២០ ទៅ ៣០ បានបើកកាត់ខ្ញុំ។ អាជ្ញាធរការពារជាតិបានថ្លែងថា ចំនួនអ្នកស្លាប់ចុងក្រោយបំផុតគឺ ៧១៧ នាក់ជាមួយនឹង ៨៦៣ នាក់ផ្សេងទៀតរងរបួស ប៉ុន្តែចំនួននេះត្រូវបានកើនឡើងជាលំដាប់។ ក្រុមមន្រ្តីបានដាក់ពង្រាយកម្មករចំនួន ៤០០០ នាក់ជាមួយនឹងរថយន្តសង្គ្រោះនិងរថយន្តផ្សេងទៀតចំនួន ២២០ គ្រឿងទៅកាន់ទីក្រុងមីណា (Mina) ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិវគ្គហេតុនេះ។ គួរបញ្ជាក់ថាការរត់ជាន់គ្នាកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ អ្នកធ្វើធម្មយាត្រាកំពុងដើរឆ្ពោះទៅកាន់សរសរគ្រឹះដ៏ធំបំផុតហើយរំពេចនោះចំនួនមនុស្សមានការងារកើនឡើងកាន់តែច្រើននៅប្រហែលម៉ោង ៩ ព្រឹកបណ្តាលឱ្យមនុស្សមួយចំនួនធំដួលទៅនឹងដី។