បំផ្ទុះគ្រាប់បែកនៅទីសក្ការៈបូជាប្រទេសថៃ : ប៉ូលីសនិយាយថាបុរសដែលនៅក្នុងការឃុំឃាំងបានសារភាព

0

ប្រភពព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ២៦ ខែ​ កញ្ញា ឆ្នាំ ២០១៥ :

ទីក្រុងបាងកក ប្រទេសថៃ : ប៉ូលីសថៃបាននិយាយកាលពីថ្ងៃសុក្រថា បុរសម្នាក់ដែលស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលីសក្នុងប្រទេសថៃចាប់តាំងពីថ្ងៃទី ២៩ ខែសីហាត្រូវបានកំណត់ថាជាជនសង្ស័យសំខាន់ក្នុងការបំផ្ទុះគ្រាប់បែកដែលបានសម្លាប់មនុស្ស ២០ នាក់នៅទីសក្ការៈបូជា Erawan  ទីក្រុងបាងកកកាលពីខែមុន។អ្នកនាំពាក្យប៉ូលិសប្រទេសថៃលោក Prawut Thavornsiri បានប្រាប់អ្នកកាសែតថា បន្ទាប់ពីបុរសនោះបានបញ្ជាក់ថាគាត់គឺពិតជាជនសង្ស័យដែលឃើញនៅក្នុងវីដេអូសុវត្ថិភាពពាក់អាវពណ៌លឿងនោះមែន។ គាត់បានសារភាពចំពោះការបំផ្ទុះគ្រាប់នេះហើយ។ អ្នកនាំពាក្យនោះបាននិយាយថា ប៉ូលីសបានប្រើរូបភាពថ្មីដើម្បីបញ្ជាក់ថាបុរសម្នាក់នេះជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះមែន។ រូបភាពនេះបានបង្ហាញពីជនសង្ស័យដើរចូលទៅក្នុងបន្ទប់ទឹកផ្លាស់ប្តូរសម្លៀកបំពាក់របស់គាត់មុនពេលដែលគាត់បានដើរចេញ។ លោក Prawut បាននិយាយថា “គាត់បានទទួលស្គាល់ថាបុរសម្នាក់នៅក្នុងរូបថតនេះគឺជាគាត់ ហើយសកម្មភាពទាំងអស់របស់គាត់គឺពាក់ពន្ឋ័គ្នា ហើយនៅទីបំផុតគាត់បានសារភាពទាំងអស់”។ ប៉ូលីសនិយាយថា ពួកគេពិតជាមានទំនុកចិត្តថាបុរសម្នាក់នេះ ដែលបានប្រើឈ្មោះជាច្រើនរួមទាំង Adem Karadak  ផងនោះ ជាអ្នកបំផ្ទុះគ្រាប់បែកដែលបានសម្លាប់មនុស្សនិងរងរបួសប្រមាណជាង ១០០ នាក់ផ្សេងទៀត។ ប៉ូលីសនឹងនាំ Karadak និង Yusufu Meirailee ជនដែលត្រូវបានចាប់ខ្លួនកាលពីដើមខែនេះ ទៅកាន់កន្លែងកើតហេតុនៅទីសក្ការៈបូជា Erawan ថ្ងៃសៅរ៍នេះ។ អាជ្ញាធរក៏បានអោយដឹងថា ពួកគេនឹងត្រូវនាំទៅទស្សនាកន្លែងដែលពួកគេបានចោទប្រកាន់ថា បានធ្លាក់ទូរស័ព្ទដែលប្រើដើម្បីកំណត់ការបំផ្ទុះគ្រាប់បែកនេះ។ បណ្តាញសារព័ត៌មាន CNN បានព្យាយាមទាក់ទងទៅមេធាវីរបស់ Karadak ប៉ុន្តែមិនមានការឆ្លើយតបឡើយ។

02