ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៥
ប្រទេសអ៊ីរ៉ាក់៖ យោងតាមមន្ត្រីប្រទេសអ៊ីរ៉ាក់បានអោយដឹងថា ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅប្រទេសអ៊ីរ៉ាក់បានធ្វើអោយមនុស្សស្លាប់ច្រើនជាង ៥០ នាក់កាលពីថ្ងៃចន្ទក្នុងការវាយប្រហារបីកន្លែងផ្សេងៗពីគ្នា។ ចៅហ្វាយក្រុងលោក Hassan Shallal បាននិយាយាថា នៅក្នុងខេត្ត Diyala ភាគខាងជើងនៃទីក្រុង Baghdad មានមនុស្សយ៉ាងហោចណាស់ ៤៥ នាក់បានស្លាប់និង ៧០ នាក់ផ្សេងទៀតរងរបួសនៅពេលដែលគ្រាប់បែកបានផ្ទុះក្នុងរថយន្តមួយគ្រឿងនៅផ្សារមួយកន្លែងនៃក្រុង Al-Khalis កាលពីរសៀលថ្ងៃចន្ទម្សិលមិញនេះ។ វីដេអូរូបភាពដែលបានបង្ហោះតាមប្រពន្ឋ័អ៊ីនធឺណិតបានបង្ហាញឱ្យឃើញភ្លើងនិងផ្សែង ខណៈដែលអ្នកនៅមានជីវិតពីការផ្ទុះព្យាយាមជួយអ្នកដែលកំពុងរងរបួស។ បុរស ស្ត្រីនិងកុមារស្រែកទ្រហោយំឥតឈប់ខណៈដែលសម្លេងស៊ីរ៉ែននៃរថយន្តសង្គ្រោះបន្ទាន់កំពុងធ្វើដំណើរមក។វីដេអូមួយផ្សេងទៀតបានបង្ហាញ ក្មេងប្រុសតូចម្នាក់កំពុងអង្គុយនៅលើផ្លូវដែលជើងឆ្វេងរបស់គាត់ពោរពេញទៅដោយឈាម។ ក្មេងតូចម្នាក់នោះបានអង្វរថា “សូមប្រាប់ពួកគេឱ្យជួយយើង” ។ មន្ត្រីប៉ូលីសបានប្រាប់បណ្តាញសារព័ត៌មាន CNN ថា មានការវាយប្រហារមួយផ្សេងទៀតនៅភាគឦសាននៃទីក្រុងបាដាដ ហើយក៏មានមនុស្សចំនួន ២ នាក់ត្រូវបានសម្លាប់ និង ៨ នាក់ផ្សេងទៀតរងរបួសនៅពេលដែលគ្រាប់បែកបានផ្ទុះឡើងក្នុងរថយន្តមួយគ្រឿង។