សង្រ្គាមស៊ីវិលស៊ីរី៖ អាមេរិក រុស្ស៊ីកាន់តែលូកដៃ ពីភាគីប្រឆាំង

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ១៣ ខែ​ តុលា ឆ្នាំ ២០១៥ 

CNN៖ អស់រយៈពេល ៤ ឆ្នាំនិងកំណើននៃការស្លាប់របស់មនុស្សរហូតដល់ទៅ ២៥០.០០០ នាក់ សង្រ្គាមស៊ីវិលនៅប្រទេសស៊ីរីកាន់តែមានភាពស្មុគស្មាញ។ ហើយពេលនេះ សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីបានលូកដៃចូលក្នុងប្រទេសនេះ ជាភាគីប្រឆាំង។ ជនស៊ីវិលជាច្រើនត្រូវបានស្លាប់ជារៀងរាល់ថ្ងៃ។ ជនភៀសខ្លួនរាប់លាននាក់ភៀសខ្លួនទៅប្រទេសផ្សេង។ ការគំរាមកំហែងរបស់ក្រុម ISIS កាន់តែខ្លាំងឡើង។ សហអាមេរិកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់ពួកឧទ្ទាមស៊ីរីប្រឆាំងរបបរបស់លោក Bashar al-Assad។ សប្តាហ៍នេះ យន្តហោះដឹកទំនិញយោធាសហរដ្ឋអាមេរិកបានផ្តល់អាវុធយុទ្ធភណ្ឌចំនួន ៥០ តោនដល់ក្រុមឧទ្ទាមនៅភាគខាងជើងប្រទេសស៊ីរីដោយទម្លាក់ចុះពីយន្តហោះចំនួន ១១២ កេស។ យន្តហោះ C-17 អមដោយយន្តហោះចម្បាំងបានទម្លាក់អាវុធយុទ្ធភណ្ឌធុនតូចនិងឧបករណ៍ផ្សេងទៀតដូចជាគ្រាប់បែកដៃនៅខេត្ត Hasakah ភាគខាងជើងប្រទេសស៊ីរីទៅអោយក្រុមចម្រុះរបស់ពួកឧទ្ទាមដែលគេស្គាល់ថាជាសម្ព័ន្ធអារ៉ាប់ស៊ីរី។ កម្មវិធីដែលតំលៃ ៥០០ លានដុល្លាររបស់សហរដ្ឋអាមេរិកដើម្បីបណ្តុះបណ្តាពួកឧទ្ទាមស៊ីរីបានស្ថិតនៅក្រោមការរិះគន់យ៉ាងខ្លាំង។ នៅរដូវក្តៅនេះ រដ្ឋមន្ត្រីការពារជាតិលោក Ash Carter បានសារភាពថា សហអាមេរិកបានបណ្តុះបណ្តាលក្រុមយុទ្ធជនឧទ្ទាមបានប្រហែលជា ៦០ នាក់ប៉ុណ្ណោះ។ ក្រសួងការពារជាតិបានប្រកាសកាលពីថ្ងៃសុក្រថានឹងផ្អាកកម្មវិធីបណ្តុះបណ្តាលក្រុមឧទ្ទាមនេះ។ ប្រទេសរុស្ស៊ីបានធ្វើអោយពិភពលោកភ្ញាក់ផ្អើលកាលពី ២ សប្ដាហ៍នៅពេលដែលខ្លួនចាប់ផ្តើមការវាយប្រហារតាមអាកាសជាដំបូងរបស់ខ្លួននៅក្នុងប្រទេសស៊ីរី។ ក្រុមមន្ត្រីរុស្ស៊ីបានឱ្យដឹងថា ពួកគេបានសំរបសំរួលជាមួយនឹងលោកអាសាដនិងបានកំណត់គោលដៅក្រុម ISIS និងភេរវករផ្សេងទៀត។ លោកប្រធានាធិបតី Vladimir Putin បានអោយដឹងថា “ជាការពិត កិច្ចការរបស់យើងគឺដើម្បីរក្សាស្ថិរភាពរដ្ឋាភិបាលនិងបង្កើតលក្ខខណ្ឌសម្រាប់ការសម្រុះសម្រួលនយោបាយតាមរយះមធ្យោបាយយោធា”។ ប៉ុន្តែបន្ទាប់ពីការវាយប្រហារតាមអាកាសជាង ១០០ ក្រោយមក ក្រុមអ្នកវិភាគបាននិយាយថា ប្រទេសរុស្ស៊ីមិនមែនផ្តោតសំខាន់តែលើក្រុម ISIS នោះទេ។

 SIRI SIVIL WAR