ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៥ :
មន្រ្តីពីប្រទេសទាំងពីរបានអោយដឹងថារុស្ស៊ីនិងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលពួកគេសង្ឃឹមថានឹងបញ្ចៀសការប៉ះទង្គិចគ្នារវាងកងកម្លាំងអាកាសរបស់ខ្លួននៅប្រទេសស៊ីរី។ រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារតាមអាកាសរបស់ខ្លួនក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី ៣០ ខែកញ្ញា ដោយនិយាយថាគោលដៅរបស់ខ្លួនគឺពួកសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម (lS)។ សប្តាហ៍មុនសហរដ្ឋអាមេរិកបាននិយាយថាយន្តហោះចម្បាំងរបស់ប្រទេសទាំងពីរបានហោះចូលក្នុងកន្លែងប្រយុទ្ធដូចគ្នានិងស្ថិតនៅប៉ុន្មានម៉ាយពីគ្នា។ ក្រុមមន្រ្តីបានស្វែងរកកិច្ចព្រមព្រៀងនេះចាប់តាំងពីចុងខែមុនមកម្លេះ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Peter Cook បាននិយាយថា អត្ថបទនៃកិច្ចព្រមព្រៀងនឹងនៅតែជាការសម្ងាត់តាមការស្នើសុំរបស់ក្រុងម៉ូស្គូ តែបានសំរេចដាក់ចេញជាមធ្យោបាយសម្រាប់ភាគីទាំងពីរក្នុងការប្រាស្រ័យទាក់ទងនិង បង្កើតប្រព័ន្ធទំនាក់ទំនងពិសេស។ លោកបានបន្តថា ទោះជាយ៉ាងណាប្រទេសទាំងពីរមិនចែករំលែកការស៊ើបការណ៍លើគោលដៅរបស់ពួកគេទេ។ លោក Cook បាននិយាយផងដែរថា កិច្ចព្រមព្រៀងនេះគឺធានាថាយន្តហោះចម្បាំងនឹងស្ថិតនៅចម្ងាយ “សុវត្ថិភាព” ពីគ្នា ប៉ុន្តែលោកមិនបានបញ្ជាក់អំពីការយល់ព្រមពីចម្ងាយជាក់លាក់នោះទេ។ កាលសប្តាហ៍មុន មន្ទីរបញ្ចកោណបានអោយដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ីនិងសហរដ្ឋអាមេរិកបានស្ថិតក្នុងចម្ងាយ ១០ ទៅ ២០ ម៉ាយល៍ (១៥-២០km) ពីគ្នា។ អនុរដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសរុស្ស៊ីលោក Anatoly Antonov បាននិយាយថា អនុស្សរណៈបានរក្សានូវច្បាប់និងការរឹតបន្តឹងគោលបំណង ការពារឧប្បត្តិហេតុរវាងយន្តហោះចម្បាំងរបស់ប្រទេសទំាងពីរ អាមេរិកនិងរុស្ស៊ី។