ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៥ :
មន្រ្តីបានអោយដឹងថា ពួកឧទ្ទាមឆ្វេងនិយមនៅប្រទេសកូឡុំប៊ីមួយក្រុមបានវាយប្រហារក្រុមមន្ត្រីការពារសន្លឹកឆ្នោតនៅក្នុងតំបន់ដែលធ្វើអោយមន្រ្តីកងកម្លាំងសន្តិសុខចំនួន ១២ នាក់ត្រូវបានស្លាប់។ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Luis Carlos Villegas បាននិយាយថា ក្រុមនេះបានចាកចេញជាមួយជនជាតិដើមភាគតិចនៅភាគខាងជើងនៃខេត្ត Guican នៅពេលដែលត្រូវបានវាយប្រហារ។ លោកបន្តថា កងទ័ពរំដោះជាតិ (ELN) ជាក្រុមឧទ្ទាមធំទីពីរនៅក្នុងប្រទេសកូឡុំប៊ីដែលនៅពីក្រោយការវាយប្រហារនេះ។ លោកប្រធានាធិបតី Juan Manuel Santos បានប្តេជ្ញាសងសឹកនឹងការវាយប្រហារនេះ។ កាលពីថ្ងៃអាទិត្យលោក Santos បាននិយាយថា ការបោះឆ្នោតប្រព្រឹត្តទៅ “ដោយសន្តិវិធីនិងមិនសូវមានអំពើហិង្សា”។ លោក Villegas បាននិយាយថា មនុស្ស ១១ នាក់ដែលត្រូវបានសម្លាប់នោះជាទាហាន និងម្នាក់ទៀតជាមន្ត្រីប៉ូលិស។ លោកបានបន្ថែមថា មនុស្សចំនួន ៦ នាក់ផ្សេងទៀតក្នុងចំណោមកម្មករនិងមគ្គុទេសក្នុងតំបន់ត្រូវបានបាត់ខ្លួន។ រដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ីបានព្យាយាមពិភាក្សាជាមួយក្រុមបះបោរផ្សេងទៀត គឺកងទ័ពបដិវត្តន៍កូឡុំប៊ី ឬ Farc ដើម្បីបញ្ចប់អំពើហិង្សាដែលកើតមានជិត ៥ ទសវត្សមកនេះ។ កាលពីចុងខែមុន គណបក្សទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីរបៀបថ្កល់ទោសការរំលោភសិទ្ធិមនុស្សដែលធ្វើឡើងក្នុងការប៉ះទង្គិចនេះ ដែលជាគន្លឹះក្នុងកិច្ចព្រមព្រៀងសន្តិភាពដ៏យូរអង្វែងមួយ។ ក្រុម Farc បានព្យាយាមទាក់ទងទៅកាន់ក្រុម ELN ជាច្រើនដងដើម្បីជួបចរចាសន្តិភាព។ ការវាយប្រហារដោយពួកឧទ្ទាម Farc នៅតែកើតឡើងទោះបីជាមានការចរចាដែលបានធ្វើឡើងនៅ ឡាហាវ៉ា ក៏ដោយ។ នៅខែឧសភា ការវាយប្រហារនិងសម្លាប់ទាហានចំនួន ១១ នាក់បន្ទាប់ពីមួយរយៈខ្លីនៃបទឈប់បាញ់គ្នា។ មួយខែក្រោយមក ពួកឧទ្ទាមបានសម្លាប់មន្ត្រីប៉ូលីស ៣ នាក់ទៀតនិងបានកាត់ផ្តាច់ចរន្តអគ្គិសនីមិនអោយប្រជាជនជាង ៥០០.០០០ នាក់ប្រើប្រាស់។