លេខាធិការដ្ឋាន គជបភ សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់សហគមន៍អ៊ឺរ៉ុប ដើម្បីរៀបចំសិក្ខាសាលាស្តីពីការយល់ដឹងពីបទដ្ឋាននីតិវិធីប្រតិបត្តិសំរាប់ការរាវរកសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (SOP) ដល់មន្រ្តីពាក់ពន្ធ័

0

ទីក្រុងភ្នំពេញ សណ្ឋាគារអាំងទែកុងទីណង់តាល់៖ សំរាប់ថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់សហគមន៍អ៊ឺរ៉ុប ដើម្បីរៀបចំសិក្ខាសាលាស្តីពីការយល់ដឹងពីបទដ្ឋាននីតិវិធីប្រតិបត្តិសំរាប់ការរាវរកសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (SOP) ដល់មន្រ្តីពាក់ពន្ធ័។ ឯកឧត្តម អ៊ឹង អៀង បានទទួលការចាត់តាំងពីឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ជាតំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងក្នុងនាមជាប្រធានក្រុមការងារបំពាក់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្មនៃគំរោងសន្តិសុខកំពង់ផែ និងព្រលានយន្តហោះអន្តរជាតិ បានមានប្រសាសន៍ថា សិក្ខាសាលាហ្វឹកហ្វឺនស្តីពីការយល់ដឹងពី SOP នេះជាដំណាក់បន្ទាប់ក្រោយពីការផ្តល់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរដល់សាខាគយប្រចាំនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីខែឧសភា ឆ្នាំ២០១៥ កន្លងមកនេះ ។ ការផ្តល់សិក្ខាសាលានេះ គឺដើម្បីផ្តល់នូវការយល់ដឹងពីតួនាទីភារកិច្ចរបស់ស្ថាប័នពាក់ពន្ធ័ (គយ មន្រ្តីសន្តិសុខព្រលានយន្តហោះ ក្រុមហ៊ុនខេម លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម អង្គភាព CBRE Unit របស់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម) ក្នុងការអនុវត្តន៍ប្រចាំថ្ងៃ និងការឆ្លើយតបនឹងឧបទ្ទវហេតុនៃការរាវរកឃើញសារធាតុវិទ្យុសកម្ម ។ ឯកឧត្តម បានបន្តថា ការងារនេះជាផ្នែកមួយនៃការអនុវត្តន៍នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ ក្នុងការចូលរួមជាមួយតំបន់ និងសកលលោក ក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹងការរត់ពន្ធដោយខុសច្បាប់នូវសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ បន្នាប់ពីគំរោងសន្តិសុខកំពង់ផែដែលទទួលបានការឧបត្ថម្ភ ការបំពាក់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ និងការហ្វឹកហ្វឺនជាច្រើន ពីក្រសួងថាមពលរបស់សហរដ្ឋអាមេរិក ។ សូមបញ្ជាក់ថា កន្លងមកនេះលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មបានសហការយ៉ាងជិតស្និតជាមួយដៃគូរអន្តរជាតិ ពោលគឺ ក្រសួងឋាមពលសហរដ្ឋអាមេរិក មជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់សហគមន៍អ៊ឺរ៉ុប ទីភ្នាក់ងារឋាមពលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិជាដើម ក្នុងការបំពាក់ឧបករណ៍នៅនឹងកន្លែង ឧបករណ៍កាន់ដៃ ដល់ស្ថាប័នគយ អង្គភាព CBRE Unit របស់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងវគ្គហ្វឹកហ្វឺនជាច្រើនផងដែរ។ កម្មវិធីនេះមានរយៈពេល ២ ថ្ងៃ ដោយថ្ងៃទី ១ មានលក្ខណៈជាទ្រឹស្តី ហើយថ្ងៃទី ២ នីងមានការអនុវត្តន៍ផ្ទាល់នៅទីតាំងជាក់ស្តែង។

02-11-15_0102-11-15_0202-11-15_03