លេខាធិការដ្ឋាន គជបភ សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់សហគមន៍អ៊ឺរ៉ុប ដើម្បីរៀបចំសិក្ខាសាលាស្តីពីការយល់ដឹងពីបទដ្ឋាននីតិវិធីប្រតិបត្តិសំរាប់ការរាវរកសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរនៅព្រលានយន្តហោះអន្តរជាតិសៀមរាប (SOP) ដល់មន្រ្តីពាក់ពន្ធ័។

0

ខេត្តសៀមរាប – សណ្ឋាគារអង្គរប៉ារ៉ាឌី៖ សំរាប់ថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់សហគមន៍អ៊ឺរ៉ុប ដើម្បីរៀបចំសិក្ខាសាលាស្តីពីការយល់ដឹងពីបទដ្ឋាននីតិវិធីប្រតិបត្តិសំរាប់ការរាវរកសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (SOP) ដល់មន្រ្តីពាក់ពន្ធ័។ ឯកឧត្តម អ៊ឹង អៀង បានទទួលការចាត់តាំងពីឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ជាតំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងក្នុងនាមជាប្រធានក្រុមការងារបំពាក់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្មនៃគំរោងសន្តិសុខកំពង់ផែ និងព្រលានយន្តហោះអន្តរជាតិ បានមានប្រសាសន៍ថា សិក្ខាសាលាហ្វឹកហ្វឺនស្តីពីការយល់ដឹងពី SOP នេះជាដំណាក់បន្ទាប់ក្រោយពីការផ្តល់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរដល់សាខាគយប្រចាំនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពី ថ្ងៃទី ២-៣ ខែឧសភា ឆ្នាំ២០១៥ កន្លងមកនេះ ។ ការផ្តល់សិក្ខាសាលានេះ គឺដើម្បីផ្តល់នូវការយល់ដឹងពីតួនាទីភារកិច្ចរបស់ស្ថាប័នពាក់ពន្ធ័ (គយ មន្រ្តីសន្តិសុខព្រលានយន្តហោះ ក្រុមហ៊ុនខេម លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម អង្គភាព CBRE Unit របស់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម) ក្នុងការអនុវត្តន៍ប្រចាំថ្ងៃ និងការឆ្លើយតបនឹងឧបទ្ទវហេតុនៃការរាវរកឃើញសារធាតុវិទ្យុសកម្ម ។ ឯកឧត្តម បានបន្តថា ការងារនេះជាផ្នែកមួយនៃការអនុវត្តន៍នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខក្នុងការចូលរួមជាមួយតំបន់ និងសកលលោកក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធដោយខុសច្បាប់នូវសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ បន្នាប់ពីគំរោងសន្តិសុខកំពង់ផែដែលទទួលបានការឧបត្ថម្ភ ការបំពាក់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ និងការហ្វឹកហ្វឺនជាច្រើនពីក្រសួងថាមពលរបស់សហរដ្ឋអាមេរិក ។ សូមបញ្ជាក់ថា កន្លងមកនេះលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មបានសហការយ៉ាងជិតស្និតជាមួយដៃគូរអន្តរជាតិ ពោលគឺក្រសួងឋាមពលសហរដ្ឋអាមេរិក មជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់សហគមន៍អ៊ឺរ៉ុប ទីភ្នាក់ងារឋាមពលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិជាដើម ក្នុងការបំពាក់ឧបករណ៍នៅនឹងកន្លែង ឧបករណ៍កាន់ដៃដល់ស្ថាប័នគយ អង្គភាព CBRE Unit របស់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងវគ្គហ្វឹកហ្វឺនជាច្រើនផងដែរ។ កម្មវិធីនេះមានរយៈពេល ២ ថ្ងៃ ដោយថ្ងៃទី ១ មានលក្ខណៈជាទ្រឹស្តី ហើយថ្ងៃទី ២ នីងមានការអនុវត្តន៍ផ្ទាល់នៅទីតាំងជាក់ស្តែងតែម្តង ។

SOP 05-11-15SOP 05-11-15_1SOP 05-11-15_2SOP 05-11-15_3SOP 05-11-15_4