ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥ :
ជាច្រើនថ្ងៃបន្ទាប់ពីអាជ្ញាធរបានច្រានចោលការអះអាងរបស់ក្រុម ISIS ដែលថាខ្លួនជាអ្នកទទួលខុសត្រូវក្នុងការធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសរុស្ស៊ីនោះ នៅពេលនេះក្រុមស៊ើបអង្កេតសហរដ្ឋអាមេរិកបាននិយាយថា ក្រុមភេរវកម្មនេះបានដាក់គ្រាប់បែកមួយនៅលើយន្ដហោះ។ រដ្ឋមន្ត្រីការបរទេសប្រទេសអង់គ្លេសលោក Philip Hammond បាននិយាយថា រដ្ឋាភិបាលរបស់លោកជឿថា “វាពិតជាអាចទៅរួច” ដែលការធ្លាក់នេះបណ្តាលមកពីឧបករណ៍ផ្ទុះនោះ ហើយប្រភពពីមជ្ឈិមក៏បាននិយាយថា ករណីនេះហាក់ដូចជាមាននរណាម្នាក់បានដាក់គ្រាប់បែកបំផ្ទុះនៅលើយន្តហោះនោះ។ ជើងហោះហើរ Metrojet 9268 បានធ្លាក់កាលពីថ្ងៃសៅរ៍នៅឧបទ្វីបស៊ីណៃប្រទេសអេស៊ីបបន្ទាប់ពីការផ្ទុះជាបំណែកនៅលើអាកាស និងធ្វើអោយអ្នកដំណើរទាំងអស់នៅលើយន្តហោះចំនួន ២២៤ នាក់បានស្លាប់។ ក្រុមស៊ើបអង្កេតសហរដ្ឋអាមេរិកបាននិយាយថា មូលហេតុនៃការធ្លាក់យន្តហោះនេះទំនងជាបង្កឡើងដោយការបំផ្ទុះគ្រាប់បែកដែលបានដាក់នៅលើយន្តហោះដោយក្រុម ISIS ឬអ្នកដែលពាក់ពន្ឋ័នឹងក្រុមនេះ នេះបើយោងតាមក្រុមមន្រ្តីសហរដ្ឋអាមេរិកដែលបាននិយាយជាមួយបណ្តាញសារព័ត៌មាន CNN ។ ក្រុមមន្រ្តីបានសង្កត់ធ្ងន់ថា មិនទាន់មានការសន្និដ្ឋានជាផ្លូវការនៅឡើយទេទាក់ទងនឹងការអះអាងថាក្រុម ISIS ជាអ្នកបង្កនោះ ព្រោះថាមន្រ្តីសហរដ្ឋអាមេរិកមិនទាន់មានភស្តុតាងជាក់លាក់ពីការស៊ើបអង្កេតពីការធ្លាក់យន្តហោះនេះ។ មន្រ្តីសហរដ្ឋអាមេរិកម្នាក់បានអោយដឹងថា ការស៊ើបការណ៍ក៏បាននិយាយថា ប្រហែលជាមានជនណាម្នាក់នៅព្រលានយន្តហោះ Sharm el-Sheikh ជាអ្នកនាំយកគ្រាប់បែកទៅលើយន្ដហោះ។ គាត់បានបន្តថា៖ ព្រលានយន្តហោះនេះមានសន្ដិសុខធូររលុង។ ហើយយោងតាមការស៊ើបការណ៍សម្ងាត់បានអោយដឹងថា មានការជួយពីនរណាម្នាក់នៅព្រលានយន្តហោះនោះ។ មន្ត្រីសហរដ្ឋអាមេរិកម្នាក់និយាយថា ការសង្ស័យគឺសំដៅទៅក្រុម ISIS ដោយផ្អែកលើការត្រួតពិនិត្យការផ្ងើរសារផ្ទៃក្នុងរបស់ក្រុមភេរវកម្ម។ នៅក្នុងការផ្ងើរសារជាសម្លេងពីសាខាស៊ីណៃរបស់ក្រុម ISIS ដែលបានបង្ហោះនៅលើគណនីយប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមភេរវកកាលពីថ្ងៃពុធនេះ បានទទូចជាដាច់ខាតថា ក្រុមខ្លួនជាអ្នកទទួលខុសត្រូវក្នុងការធ្លាក់យន្តហោះនេះ។ សារជាសម្លេងនោះបាននិយាយថា៖ រកប្រអប់ខ្មៅរបស់អ្នកហើយវិភាគវាចុះ ហើយផ្តល់លទ្ធផលនៃការស៊ើបអង្កេតរបស់អ្នកមកអោយពួកយើងផង ថាពួកយើងមិនមែនជាអ្នកធ្វើ។ ស្លាប់ជាមួយនឹងកំហឹងរបស់អ្នកចុះ។ យើងជាពួក ដែលទទួលពរពីព្រះជាម្ចាស់ និងជាអ្នកធ្វើអោយយន្តហោះនេះធ្លាក់។ ហើយថ្ងៃមួយព្រះជាម្ចាស់នឹងបង្ហាញនៅពេលដែលយើងចង់បាន។