ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន RT ចេញផ្សាយថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥
ក្រសួងមហាផ្ទៃប្រទេសអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាមន្ត្រីប៉ូលីសក្នុងទីក្រុង Cairo បានសម្លាប់មេដឹកនាំប្រចាំតំបន់ម្នាក់នៃក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS, អតីតជា ISIS/ISISL) ដែលមានមូលដ្ឋាននៅឧបទ្វីបស៊ីណៃ ដែលមុននេះក្រុមនេះបានអះអាងថាជាអ្នកទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសរុស្ស៊ីនោះ។ មេដឹកនាំក្រុម ISIS លោក Ashraf Ali al-Gharably ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារជាមួយកងកម្លាំងប៉ូលីសនៅភាគឦសាននៃតំបន់ el-Marge ទីក្រុង Cairo។ ប៉ូលីសបានប្រទះឃើញគាត់ខណៈដែលគាត់កំពុងព្យាយាមគេចខ្លួននៅក្នុងរថយន្តមួយគ្រឿង ប៉ូលីសក៏បានបាញ់សម្លាប់គាត់បន្ទាប់ពីគាត់រឹងទទឹងមិនព្រមអោយចាប់ខ្លួន។ ក្រសួងមហាផ្ទៃប្រទេសអេហ្ស៊ីបបានឱ្យដឹងថានៅក្នុងសេចក្តីថ្លែងការណ៍មួយដែលលើកឡើងដោយបណ្តាញសារព័ត៌មាន AFP ថា៖ គាត់បានដឹងពីវត្តមានរបស់ពួកគេនិងបានបាញ់ទៅពួកគេខណៈដែលពួកគេចង់រត់គេចដោយត្រូវបាញ់តបតគ្នាទើបធ្វើអោយមេដឹកនាំប្រចាំតំបន់របស់ក្រុម ISIS នេះស្លាប់។