ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៥
កងទ័ពស៊ីរីបានបំបែកការឡោមព័ទ្ធព្រលានយន្តហោះយោធា Kwairis អស់រយៈពេល ២ ឆ្នាំរបស់ក្រុម ISIS នៅជិតទីក្រុងអាឡេប៉ូ ដែលត្រូវបានហ៊ុំព័ទ្ធដោយក្រុមភេរវកម្មចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះ។ កងកម្លាំងរដ្ឋាភិបាលបានសម្លាប់ “ភេរវកររបស់ក្រុម ISIS រាប់រយនាក់និងបានបំផ្លាញកន្លែងលាក់ខ្លួនព្រមទាំងអាវុធទាំងអស់របស់ពួកគេ” នេះបើយោងតាមរបាយការណ៍ពីបណ្តាញសារព័ត៌មាន SANA។ ក្រុមកងទ័ពបានចាប់ផ្តើមក្នុងប្រតិបត្តិការនេះចាប់តាំងពីខែមុនមកម្លេះ។ លោក Rami Abdurrahman ប្រធាននៃទីអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីទីក្រុងឡុងដ៍បាននិយាយថា “ក្រុមកងទ័ពចាប់ផ្តើមប្រយុទ្ធចាប់តាំងពីចុងខែកញ្ញាដើម្បីបំបែកការឡោមព័ទ្ធ”។ “ការបំបែកយកព្រលានយន្តហោះពីការឡោមព័ទ្ធនេះមានន័យថា ពួកគេអាចបន្តការវាយប្រហារទៅកាន់តំបន់របស់ក្រុម ISIS បាន។ គួរបញ្ជាក់ផងដែរថាយោធាប្រទេសស៊ីរីមានការគាំទ្រដោយទ័ពអាកាសរបស់ប្រទេសរុស្ស៊ីចាប់តាំងពីប៉ុណ្ណានសប្តាហ៍ចុងក្រោយនេះ។ អាឡេប៉ូ ជាតំបន់មួយក្នុងចំណោមតំបន់ទាំង ៣ ដែលប្រទេសរុស្ស៊ីកំពុងតែផ្តោតលើ។ ក្រៅពីនេះ នៅមានភាគខាងជើងនៃខេត្ត អ៊ីដលីប ( Idlib ) និងនៅក្នុងខេត្ត Hama ក្បែរឆ្នេរ។ កងជីវពលរបស់ប្រទេសអ៊ីរ៉ង់និង Hezbollah ក៏បានសហរការណ៍ជាមួយនឹងកងកម្លាំងប្រទេសស៊ីរីតាមរយៈការវាយប្រហារតាមអាកាសក្នុងគោលបំណងទាមទារនូវទឹកដីពីក្រុម ISIS និងក្រុមប្រឆាំង។