ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន Bangkok Post ចេញផ្សាយថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥
ប៉ាតានី ប្រទេសថៃ៖ គ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងនៅស្រុក Khok Pho នៃប៉ាតានី កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់ឆ្មាំស្ម័គ្រចិត្តការពារភូមិចំនួន ៤ នាក់និងមនុស្ស ៤ នាក់ផ្សេងទៀតរងរបួសដែលកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ប៉ូលីស Kho Pho បានអោយដឹងថា គ្រាប់បែកផ្ទុះនៅកន្លែងយាមភូមិមួយនៅក្នុងភូមិ Ban Khok Khi Lek, tambon Tha Rua ប្រហែលជាម៉ោង ៨.៣០ នាទីយប់។ ឆ្មាំស្ម័គ្រចិត្ត ៣ នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ៥ នាក់ទៀតរងរបួសហើយបានបញ្ជូនទៅមន្ទីរពេទ្យ។ ម្នាក់ក្នុងចំណោមអ្នករងរបួស ក្រោយមកត្រូវបានគេអោយដំណឹងថាស្លាប់។ ឆ្មាំស្ម័គ្រចិត្តដែលបានស្លាប់ ៤ នាក់នេះមានឈ្មោះ Wisut Kaewchan, Banlua Nuanphet, adisak Chumuay និង Klai Suriyong។ ហើយអ្នកភូមិដែលរងរបួស ៤ នាក់នោះមាន Thanom Khaosang, Somporn Khaosang, PianTham-oun និង Cha-um Bualaem។ គួរបញ្ជាក់ផងដែរថា អ្នកភូមិ ៤ នាក់ដែលនៅរស់រានមានជីវិតហើយកំពុងព្យាបាលនៅមន្ទីរពេទ្យត្រូវបានបញ្ជាក់ថាពួកគេបានរួចផុតពីគ្រោះថ្នាក់។ ប៉ូលីសបាននិយាយថា គ្រាប់បែកត្រូវបានបង្កប់នៅក្នុងកន្លែងយាម។ គ្រាប់បែកត្រូវបានផ្ទុះឡើងបន្ទាប់ពីឆ្មាំភូមិទាំង ៧ នាក់នេះចាប់ផ្តើមម៉ោងការងាររបស់ពួកគេ។ ពួកគេបាននិយាយថាគ្រាប់បែកនេះមានទំងន់យ៉ាងហោចណាស់ ៣ គីឡូក្រាម ហើយត្រូវបានបំផ្ទុះឡើងតាមរយៈវិទ្យុ។ ពួកគេនិយាយថាការវាយប្រហារមានពាក់ពន្ឋ័ជាមួយក្រុមបះបោរ។