ម្នាក់ក្នុងចំណោមមេដឹកនាំ Al-Nusra ត្រូវឃុំខ្លួននៅក្នុងទីក្រុងគៀវ

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន RT ចេញផ្សាយថ្ងៃទី ១៣ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥ 

ម្នាក់ក្នុងចំណោមមេដឹកនាំនៃអង្គការភេរវកម្មអន្តរជាតិ រណសិរ្ស Al-Nusra ដែលមានឈ្មោះក្នុងបញ្ជីតាមចាប់ខ្លួនរបស់អន្តរជាតិនោះ ត្រូវបានឃុំខ្លួននៅក្នុងទីក្រុងគៀវហើយ នេះបើតាមសេវាសន្តិសុខអ៊ុយក្រែន ហៅកាត់ថា SBU។ បុរសជាពលរដ្ឋម្នាក់នៃអតីតសាធារណរដ្ឋសូវៀត និងបានចូលរួមក្នុងជម្លោះនៅស៊ីរីកាលពី ២០១៣-២០១៤ ។ តុលាការ Shevchenko នៃរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន បានចេញដីកាចាប់ខ្លួនជនសង្ស័យ ដែលគេជឿថាគឺជាមនុស្សម្នាក់ដែលនៅក្នុងចំណោមមេដឹកនាំ Al-Nusra។ យោងតាម SBU ជនសង្ស័យនឹងត្រូវបានធ្វើបត្យាប័ន ប៉ុន្តែនៅមិនទាន់ច្បាស់ថានៅប្រទេសណានោះទេ។ អត្តសញ្ញាណរបស់ជនជាប់ឃុំនេះ នៅមិនទាន់បានគេបង្ហាញទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅឡើយទេ។ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្មាំការពារព្រំដែនអ៊ុយក្រែនរាយការណ៍ថាពួកគេបានឃុំខ្លួនពលរដ្ឋរុស្ស៊ីដែលសង្ស័យថាជាប់ពាក់ព័ន្ធជាមួយរដ្ឋអ៊ិស្លាមនៅព្រលានយន្តហោះអន្តរជាតិ Borispol នៃទីក្រុងគៀវ។ បុរសម្នាក់ដែលមានក្នុងបញ្ជីតាមចាប់ខ្លួនរបស់អន្ដរជាតិបានចុះចតនៅក្នុងទីក្រុងគៀវ តាមជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុល។ គាត់ត្រូវបានគេប្រគល់ទៅឱ្យប៉ូលីស ហើយដែលការចាប់ខ្លួននេះត្រូវបានរាយការណ៍ទៅកាន់ការិយាល័យប៉ូលិសអន្តរជាតិនៃប្រទេសអ៊ុយក្រែន។ រណសិរ្ស Al-Nusra នេះ ត្រូវបានគេស្គាល់ផងដែរថាជា Jabhat Al-Nusra, គឺជាសាខារបស់ក្រុមអាល់កៃដាមួយនៅស៊ីរី។ ក្រុមជីហាដនិយមអ៊ីស្លាមនិកាយស៊ុននីកំពុងប្រយុទ្ធប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលស៊ីរីរួមជាមួយរដ្ឋអ៊ីស្លាម។ គោលបំណងនៃការប្រកាសរបស់ពួកគេគឺដើម្បីបង្កើតតំបន់កាន់កាប់នៅប្រទេសស៊ីរីនិងប្រទេសជិតខាងអ៊ីរ៉ាក់។

Al-Nusra 13-11-15