បារាំងទម្លាក់គ្រាប់បែកលើបន្ទាយរបស់ក្រុម ISIS ក្នុងក្រុង Raqqa ប្រទេសស៊ីរី

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ១៦ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥ 

យន្តហោះចម្បាំងរបស់ប្រទេសបារាំងបានទម្លាក់គ្រាប់បែកលើតំបន់ជាច្រើនរបស់ក្រុម ISIS នៅក្នុងទីក្រុង Raqqa ប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ។ ការវាយប្រហារតាមផ្លូវអាកាសនេះចាប់ផ្តើមពីរថ្ងៃបន្ទាប់ពីការវាយប្រហារភេរវកម្មក្នុងទីក្រុងប៉ារីស។ ក្រុម ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដែលលោកប្រធានាធិបតីរបស់ប្រទេសបារាំងបានរៀបរាប់ថាជា សកម្មភាពសង្រ្គាម។ ក្រុម ISIS បានអះអាងថា រ៉ាក់កា ( Raqqa​ ) គឺជារដ្ឋធានីរបស់ខ្លួន។ លោក Mickael Soria ទីប្រឹក្សារដ្ឋមន្រ្តីការពារជាតិបារាំងបានឱ្យដឹងថាគោលដៅនៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យម្សិលមិញនេះរួមបញ្ចូលទាំងការវាយប្រហារទីបញ្ជាការកណ្តាល ទីបញ្ជាការជ្រើសរើសកងទ័ព ឃ្លាំងផ្ទុកគ្រាប់រំសេវនិងមូលដ្ឋានបណ្តុះបណ្តារបស់ក្រុមភេរវកម្មនេះ។ លោក Soria បានអោយដឹងបន្តថា យន្តហោះចំនួន ១២ គ្រឿងក្នុងនោះមានយន្តហោះចម្បាំង ១០ គ្រឿងបានបញ្ជូនទៅវាយប្រហារ។ គ្រាប់បែកចំនួន ២០ គ្រាប់ត្រូវបានទម្លាក់ហើយគោលដៅទាំងនោះត្រូវបានបំផ្លាញ។ គួរបញ្ជាក់ផងដែរថា យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុម ISIS បានអះអាងថា តំបន់ដែលយន្តហោះចម្បាំងបានទម្លាក់គ្រាប់បែកនោះ ជាកន្លែងដែលពួកគេបោះបង់ចោល និងនិយាយថាគ្មានការស្លាប់និងរបួសអ្វីនោះទេ។

ISIS Strike