ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន RT ចេញផ្សាយថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥
ក្រុមភេរវករអ៊ីស្លាម IS អាចចាប់ផ្តើមការវាយប្រហារតាមប្រពន្ឋ័អ៊ីនធឺណិតមកលើស្ថានីយ៍ថាមពល National Grid និងមន្ទីរពេទ្យផ្សេងៗ នេះជាការព្រមានរបស់លោក George Osborne នៅក្នុងសុន្ទរកថារបស់លោកដែលលោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការចំណាយប្រាក់ចំនួន ១.៩ រយលានផោនមកលើប្រពន្ឋ័សន្តិសុខអ៊ីនធឺណិត។ នៅក្នុងសុន្ទរកថាមួយនៅឯ GCHQ Cheltenham កាលពីថ្ងៃអង្គារកន្លងទៅនេះ លោក Osborne បានប្រកាសថា ប្រទេសអង់គ្លេសនឹងបង្កើនទ្វេដងនៃថវិកាមកលើប្រពន្ឋ័សន្តិសុខអ៊ីនធឺណិតរបស់ខ្លួនរហូតដល់ឆ្នាំ ២០២០ ហើយនឹងបង្កើត “មជ្ឈមណ្ឌលសន្តិសុខជាតិអ៊ិនធឺណិត” ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារមកលើចក្រភពអង់គ្លេស។ លោកបានបញ្ជាក់ថា ការវាយប្រហារនៅទីក្រុងប៉ារីសនោះគឺកាន់តែតម្រូវអោយប្រទេសអង់គ្លេសកែលម្អប្រពន្ឋ័ការពាររបស់ខ្លួនដើម្បីប្រឆាំងនឹងការវាយប្រហារនេះ។ លោកបាននិយាយទៅកាន់ទស្សនិកជននៅទីស្នាក់ការសន្តិសុខកណ្តាលថា ក្រុម ISIL “ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ឬក្រុម ISIS នេះ” បានប្រើប្រាស់ប្រពន្ឋ័អ៊ិនធឺណិតសម្រាប់គោលបំណងឃោសនា និងសម្រាប់ធ្វើផែនការប្រតិបតិ្តការផងដែរ ។ “ពួកគេមិនទាន់អាចប្រើវាដើម្បីសម្លាប់មនុស្សបាននៅឡើយទេ ដោយវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់យើងតាមរយៈប្រពន្ឋ័អ៊ីនធឺណិតនេះ។ ប៉ុន្តែយើងដឹងថាពួកគេកំពុងតែរៀបចំគម្រោងធ្វើវា”។ លោក Osborne បានប្រកាសពីការបន្ថែមសាច់ប្រាក់ទៅក្នុងប្រព័ន្ធសន្ដិសុខ។ លោកថ្លែងថា៖ វាជាការត្រឹមត្រូវដែលយើងជ្រើសរើសក្នុងការវិនិយោគលើសន្តិសុខប្រព័ន្ធអ៊ីនធឺណិតរបស់យើង ទោះបីជាយើងត្រូវកាត់បន្ថយថវិកាផ្សេងទៀតក៏ដោយ។ ប្រពន្ឋ័អ៊ីនធឺណិតគឺជាប្រពន្ឋ័ដែលសំខាន់ និងងាយទទួលរងការវាយប្រហារ។ លោក Osborne បានបញ្ជាក់ផងដែរថាការសម្រេចចិត្តជំរុញការចំណាយលើប្រពន្ឋ័អ៊ីនធឺណិតនេះត្រូវបានធ្វើឡើងមុនការវាយប្រហារនៅទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ។ ការបណ្តាក់ទុននេះគឺមិនអាចកើនខ្ពស់ជាងនេះទៀតទេ ប្រសិនបើការផ្គត់ផ្គង់ចរន្តអគ្គិសនីរបស់យើង ឬការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់យើង ឬមន្ទីរពេទ្យរបស់យើងត្រូវបានវាយប្រហារទទួលជោគជ័យតាមប្រពន្ឋ័អ៊ីនធឺណិតនោះ ផលប៉ះពាល់អាចពាក់ពន្ឋ័ទៅដល់ផ្នែកសេដ្ឋកិច្ចនិងជិវិតមនុស្សផងដែរ។ ផែនការការពារប្រពន្ឋ័អ៊ីនធឺណិតនេះបានរួមបញ្ចូលកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតផងដែរ ដើម្បីទប់ទល់នឹងការវាយប្រហារនិងការរារាំងមេរោគផ្សេងៗ ព្រមទាំងបង្កើតវិទ្យាស្ថានថ្មីដើម្បីបណ្តុះបណ្តាអ្នកសរសេរកូដបន្ថែម។ ការសន្យារបស់លោក Osborne បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី David Cameron បានប្រកាសកាលពីថ្ងៃចន្ទថា បុគ្គលិករបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេសនឹងត្រូវកើនឡើង ១៥ ភាគរយ។ ចំណាត់ថ្នាក់នៃការគំរាមកំហែងរបស់ក្រុមភេរវកនៅក្នុងប្រទេសអង់គ្លេសនៅតែមានភាព “តានតឹង” ។