ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន RT ចេញផ្សាយថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥
ក្រសួងការបរទេសប្រទេសចិនបានបញ្ជាក់ថា ក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម (IS អតីតក្រុម ISIS/ISIL) បានសម្លាប់បុរសជនជាតិចិនម្នាក់។ ក្រសួងក៏បានសន្យាថានឹងនាំយកជនដៃដល់នេះទៅកាត់ទោស។ ប្រទេសចិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះគឺមានឈ្មោះ Fan Jinghui ដែលគាត់ត្រូវបានក្រុមភេរវករកំណត់អត្តសញ្ញាណថាជាបុរសវ័យ ៥០ ឆ្នាំមានមុខងារជាទីប្រឹក្សាឯករាជ្យក្នុងទីក្រុងប៉េកាំងម្នាក់។ បុរសម្នាក់នេះត្រូវបានដាក់បង្ហាញនៅក្នុងទស្សនាវដ្តីរបស់ក្រុមភេរវករកាលពីខែកញ្ញាកន្លងទៅ ដែលត្រូវគេដាក់ចំណងជើងថា “សម្រាប់លក់” រួមជាមួយនឹងចំណាប់ខ្មាំងជនជាតិន័រវេសម្នាក់ផ្សេងទៀត។ ប្រទេសចិននិងប្រទេសន័រវេសបានបដិសេធក្នុងការបង់ប្រាក់លោះដែលទាមទារដោយក្រុមភេរវករនេះ។ ឥឡូវនេះរដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយថា ពួកគេព្យាយាមជួយសង្គ្រោះ អ្នកសម្លាប់យ៉ាងសាហាវ ជនជាតិចិន។ យោងតាមការដកស្រង់សម្តីរបស់ក្រសួងការបរទេសរបស់ប្រទេសចិនដោយសារព័ត៌មាន Reuters បានអោយដឹងថា៖ រដ្ឋាភិបាលចិនបានថ្កោលទោសចំពោះទង្វើដ៏សាហាវនេះ និងពិតជានាំយកឧក្រិដ្ឋជនទៅកាត់ទោស។ ការដកស្រង់បានបន្ថែមថា “រដ្ឋាភិបាលចិននឹងប្តេជ្ញាប្រឆាំងនឹងរាល់ទម្រង់ទាំងអស់នៃអំពើភេរវកម្មនិងប្តេជ្ញាប្រឆាំងតបតសកម្មភាពភេរវកម្ម និងបទល្មើសផ្សេងៗដែលប្រឆាំងនឹងវប្បធម៌របស់មនុស្ស”។ យោងតាមសារព័ត៌មាន Beijing News លោក Fan ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មមួយដែលរស់នៅជាយក្រុងភាគខាងលិចនៃទីក្រុងប៉េកាំង។ ក្រុមហ៊ុនរបស់លោកបានបិទតាំងពីឆ្នាំ ២០០៣ មកម្លេះ។ នៅព្រឹកថ្ងៃពុធទស្សនាវដ្តីភាសាអង់គ្លេសរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម Dabiqm បោះពុម្ភផ្សាយរូបភាព ចំណាប់ខ្មាំងទាំងពីរគឺលោក Fan និងបុរសជនជាតិន័រវេសលោក Ole Johan Grimsgaard-Ofstad ។ បុរសទាំងពីរត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងបាញ់ចំក្បាល។ ប្រទេសន័រវេសបាននិយាយថា មិនមានការសង្ស័យលើភាពត្រឹមត្រូវនៃរូបថតនេះទេ ប៉ុន្តែនឹងបន្តផ្ទៀងផ្ទាត់លើការអះអាងនេះ។ នាយករដ្ឋមន្រ្តីលោក Erna Solberg បានប្រាប់អ្នកយកព័ត៌មាននៅក្រុង Oslo ថា “យើងថ្កោលទោសចំពោះការសម្លាប់នេះ”។ គួរបញ្ជាក់ផងដែរថា កាលពីដើមខែកញ្ញាលោកនាយករដ្ឋមន្រ្តី Solberg ក៏បានបញ្ជាក់ថា លោក Grimsgaard-Ofstad ត្រូវបានគេចាប់ខ្លួន។