ប៉ូលីសបានអោយដឹងថា៖ អ្នកបំផ្ទុះគ្រាប់បែកម្នាក់ក្នុងចំណោមពួកគេមានអាយុ ១១ ឆ្នាំ គោលដៅវាយប្រហារទីផ្សាររបស់ប្រទេសនីហ្សេរីយ៉ា

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ១៩ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥ 

ឡាហ្គូស ប្រទេសនីហ្សេរីយ៉ា អាជ្ញាធរប្រចាំប្រទេសនីហ្សេរីយ៉ាបានអោយដឹងថាមានការវាយប្រហារដោយគ្រាប់បែកចំនួន ២ ក្នុងរយៈពេល ២៤ ម៉ោង ដែលបានសម្លាប់មនុស្សរាប់សិបនាក់និងមនុស្សជាង ១២០ នាក់ផ្សេងទៀតរងរបួសនៅក្នុងទីក្រុង Yola និង​ Kano នៃប្រទេសនីហ្សេរីយ៉ា។ លោក Aliyu Maikano មន្ត្រីកាកបាទក្រហមក្នុងស្រុកម្នាក់បាននិយាយថាមានមនុស្សយ៉ាងតិចណាស់ ៣១ នាក់ត្រូវបានស្លាប់និង ៧២ នាក់ផ្សេងទៀតរងរបួសនៅក្នុងការផ្ទុះគ្រាប់បែកមួយកាលពីល្ងាចថ្ងៃអង្គារនៅភាគឦសាននៃទីក្រុង Yola។ បើយោងតាមរបាយការណ៍ មិនទាន់មានព័ត៌មានច្បាស់ការណ៍នៅឡើយទេថាតើការបំផ្ទុះនេះគឺបណ្តាលមកពីគ្រាប់បែកបង្កប់ ឬ មកពីជនបំផ្ទុះគ្រាប់បែកអត្តឃាតនោះទេ។ មន្ត្រីមួយរូបពីទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ (NEMA) លោក Sa’ad Bello បានបញ្ជាក់អំពីចំនួនអ្នកស្លាប់គឺ ៣២ នាក់និងរងរបួស ៨០ នាក់ខណៈដែលមន្ត្រីមន្ទីរពេទ្យបានផ្ដល់ចំនួនអ្នកស្លាប់និងរងរបួសទៅឱ្យកាសែតកាន់តែខ្ពស់។ ស្នងការប៉ូលិសរដ្ឋ​ Kano លោក Muhammad Musa Katsina បានឱ្យដឹងថា ប្រហែលជា ៤០០ ម៉ាយភាគពាយ័ព្យក្នុងរដ្ឋ Kano មានការបំផ្ទុះគ្រាប់បែកចំនួន ២ ផ្សេងទៀតដែលបានសម្លាប់មនុស្ស ១៥ នាក់និងរងរបួសយ៉ាងហោច ណាស់ ១២៣ នាក់នៅក្នុងទីផ្សារលក់ទូរស័ព្ទមួយកន្លែង។ លោកបន្តថា អ្នកបំផ្ទុះគ្រាប់បែកពីរនាក់ដែលមា្នក់ជាក្មេងស្រីអាយុ ១១ ឆ្នាំនិងម្នាក់ទៀតជាស្រ្តីអាយុ ១៨ ឆ្នាំបានបំផ្ទុះខ្លួនឯងនៅប្រហែលជាម៉ោង ៤ រសៀលម៉ោងក្នុងស្រុក ក្នុងអំឡុងពេលម៉ោងមមារញឹកនៃការជួញដូរ។ មានរថយន្តដឹកកុមារ ៤ នាក់ផ្សេងទៀតដែលគេជឿថាជាជនបំផ្ទុះគ្រាប់បែកដែលបានទម្លាក់ក្មេងស្រីទាំងនេះ។ គួរបញ្ជាក់ផងដែរថា មិនទាន់មានក្រុមឧទ្ទាមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែក្រុម បូកូហារ៉ាម ( Boko Haram ) ដែលជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនោះគឺជាក្រុមដែលគួរអោយសង្ស័យជាងគេ។ ក្រុមភេរវកក៏ធ្លាប់បានវាយប្រហារទីផ្សារមួយកន្លែងនេះកាលពីខែមករាឆ្នាំ ២០១២ ដែលបានសម្លាប់មនុស្ស ១៨៥ នាក់ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមឧទ្ទាម បូកូហារ៉ាម ( Boka Haram ) ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសនីហ្សេរីយ៉ា បានក្លាយជាក្រុមភេរវកម្មសាហាវបំផុតនៅក្នុងពិភពលោក នេះបើយោងតាមការធ្វើសន្ទស្សន៍ភេរវកម្មពិភពលោកប្រចាំឆ្នាំ ២០១៥ ដែលត្រូវបានចងក្រងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងសន្តិភាព។  ក្រុមឧទ្ទាម បូកូហារ៉ាម ( Boka Haram ) ក៏បានសន្យាមានភក្ដីភាពចំពោះក្រុមឧទ្ទាម ISIS ផងដែរ។

Bomb in Nigeria