ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៥
កងកម្លាំងពិសេសប្រទេសម៉ាលីបានសម្រុកចូលក្នុងសណ្ឋាគារ Radisson Blue ក្នុងរដ្ឋធានី បាម៉ាកូ ដើម្បីព្យាយាមរំដោះចំណាប់ខ្មាំងបន្ទាប់ពីត្រូវបានវាយចូលក្នុងសណ្ឋាគារដោយខ្មាន់កាំភ្លើង។ តាមប្រភពពីសណ្ឋាគារនេះបានឱ្យដឹងថា មានមនុស្សចំនួន ១៣៨ នាក់នៅជាប់ក្នុងសណ្ឋាគារ។ សាក្សីឃើញផ្ទាល់ភ្នែកបានអោយដឹងថាក្រុមខ្មាន់កាំភ្លើងបានសម្រុកចូលហើយបានបាញ់និងស្រែកថា ព្រះជាម្ចាស់អស្ចារ្យ ជាភាសាអារ៉ាប់។ មន្រ្តីប្រទេសម៉ាលីបានបញ្ជាក់ថា ចំណាប់ខ្មាំងចំនួន ៣០ នាក់បានរំដោះចេញ ប៉ុន្តែមុននេះបន្តិចទូរទស្សន៍រដ្ឋដាក់តួលេខចំនួន ៨០ នាក់ដែលបានរំដោះ។ មន្រ្តីបាននិយាយថា មនុស្ស ៣ នាក់ត្រូវបានបាញ់ស្លាប់និងទាហាន ២ នាក់ទៀតរងរបួស។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Salif Traore បានអោយដឹងថា ទាហានទាំងនោះមិនមានគ្រោះថ្នាក់ដល់ជិវិតនោះទេ។ គួរបញ្ជាក់ផងដែរថា សណ្ឋាគារនេះគ្រប់គ្រងដោយជនជាតិអាមេរិក ហើយមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងការធ្វើអាជីវកម្មបរទេសនិងផ្នែកទេសចរណ៏។ មិនទាន់មានរបាយការណ៏ណាដែលបញ្ជាក់ថាការវាយប្រហារនេះមានទាក់ទងទៅនឹងការវាយប្រហារនៅទីក្រុងប៉ារីសកាលពីសប្តាហ៍មុនដែលបានសម្លាប់មនុស្ស ១៣០ នាក់នោះទេ។ នាយកដ្ឋានការពារជាតិសហរដ្ឋអាមេរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន BBC ថា កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងជួយដល់ចំណាប់ខ្មាំង។ មន្ត្រីសហរដ្ឋអាមេរិកម្នាក់បាននិយាយថាបុគ្គលិកយោធាប្រហែលជា ២៥ នាក់ស្ថិតនៅក្នុងក្រុងបាម៉ាកូ ក្នុងពេលនៃការវាយប្រហារនេះហើយពួកគេមួយចំនួនបានជួយ រំដោះជនស៊ីវិលទំាងនោះទីកាន់ទីសុវត្ថិភាព ក្នុងខណៈដែលកងកម្លាំងម៉ាលីកំពុងដោះស្រាយជាមួយខ្មាន់កាំភ្លើងក្នុងសណ្ឋាគារ។ ជនជាតិអាមេរិកចំនួន ៦ នាក់ត្រូវបានជួយសង្គ្រោះ។ ក្រសួងការពារជាតិប្រទេសបារាំងបានឱ្យដឹងថា កងកម្លាំងពិសេសរបស់ខ្លួនក៏ស្ថិតក្នុងសណ្ឋាគារនេះដែរ។